ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ
កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។ កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។ ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។ វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានមានប្រសាសន៍ទៀតថា […]