ការស្ទង់មតិរកឃើញថា ដីកសិកម្មបង់ក្លាដែស ជាងពាក់កណ្តាលមិនមាននិរន្តរភាព
ដាក្កា៖ ការស្ទង់មតិរបស់ការិយាល័យស្ថិតិបង់ក្លាដែស បាននិយាយថា ស្ទើរតែ៥៦ភាគរយនៃផ្ទៃដីកសិកម្មរបស់ប្រទេសបង់ក្លាដែស ត្រូវបានចាត់ថ្នាក់ថា មិនមាននិរន្តរភាពនៅក្នុងលក្ខខណ្ឌនៃដីផ្តល់ទិន្នផលដោយគិតជាហិកតា ដែលបង្ហាញថា ជាងពាក់កណ្តាលនៃផ្ទៃដីកសិកម្មរបស់ប្រទេស មិនផ្តល់ផលចំណេញល្អប្រសើរផ្នែកសេដ្ឋកិច្ចយូរអង្វែងនោះទេ។ ក្នុងចំណោមផ្ទៃដីកសិកម្មជាង៤៤ភាគរយ ដែលត្រូវបានចាត់ថ្នាក់ជាដីប្រកបដោយផលិតភាព និងមាននិរន្តរភាពនេះ មានតែផ្ទៃដីចំនួន១,២០ភាគរយប៉ុណ្ណោះ ដែលជាដីគួរឱ្យចង់បានបំផុត ខណៈផ្ទៃដីចំនួន៤៣,១៧ភាគរយ ត្រូវបានវាយតម្លៃថា ជាដីអាចទទួលយកបានក្នុងលក្ខខណ្ឌផ្តល់ទិន្នផលប្រកបដោយនិរន្តរភាព។ លទ្ធផលនេះមានន័យថា ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកែប្រែផ្ទៃដីកសិកម្មដ៏ច្រើនរបស់ប្រទេសបង់ក្លាដែស ឱ្យក្លាយជាដីកសិកម្មប្រកបដោយនិរន្តរភាព ដោយគិតចាប់ពីកម្មសិទ្ធិដីធ្លី ទិន្នផលកសិកម្ម ប្រាក់ចំណូលសុទ្ធរបស់កសិដ្ឋាន រហូតដល់ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត និងទឹកស្រោចស្រព ព្រមទាំងការរិចរិលរបស់ដីផងដែរ។ ការស្ទង់មតិឆ្នាំ២០២៥ ស្តីពីដីកសិកម្មប្រកបដោយទិន្នផល និងមាននិរន្តរភាព គឺជាការស្រាវជ្រាវទីមួយ ដែលធ្វើឡើងក្នុងកំឡុងខែមករា ដល់ខែមីនា ដើម្បីវាស់វែងថា តើសមាមាត្រនៃផ្ទៃដីកសិកម្មរបស់ប្រទេសបង់ក្លាដែស ត្រូវបានប្រើប្រាស់សម្រាប់ធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងផ្តល់ទិន្នផលយូរអង្វែង គឺជាធាតុផ្សំដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលជាគម្រោងលុបបំបាត់គ្រោះទុរភិក្ស តាមរយៈការធ្វើកសិកម្មប្រកបដោយភាពធន់ និងទទួលបានទិន្នផលខ្ពស់។ ការរកឃើញនៅក្នុងការស្ទង់មតិ ចេញផ្សាយនៅចុងខែមិថុនា ឆ្នាំ២០២៥ បាននិយាយអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផលិផលស្បៀង ជីវភាពប្រចាំថ្ងៃរបស់កសិករ និងអភិវឌ្ឍន៍ជនបទ បើទោះបីជាមានទិដ្ឋភាពលើកទឹកចិត្តមួយចំនួន មានដូចជា កសិករមិនសូវមានបញ្ហាអសន្តិសុខស្បៀង មានប្រាក់ឈ្នួលជាមធ្យមខ្ពស់ជាងនៅថ្នាក់ជាតិ ខណៈផ្ទៃដីកសិកម្មជិត៨២ភាគរយមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់។ ការស្ទង់មតិបានរកឃើញបទពិសោធន៍ជួបបញ្ហាអសន្តិសុខស្បៀងនៅក្នុងចំណោមគ្រួសារកសិករចំនួន៩៨,៨៣ភាគរយ គឺមិនដែលបានជួបប្រទះបញ្ហាខ្វះស្បៀងអាហារ […]