ហ្វីលីពីនមិនឈប់នាំចូលអង្ករឡើយ ព្រោះខ្លាចខ្វះស្បៀងក្នុងស្រុក បង្កឡើងដោយបាតុភូតអែលនីញ៉ូ
ម៉ានីល៖ ប្រទេសហ្វីលីពីននឹងបន្តអនុញ្ញាតនាំចូលអង្ករ នៅក្នុងឆ្នាំ២០២៦នេះ ដោយសារការព្រួយបារម្ភពីកង្វះខាតស្បៀងអាហារក្នុងស្រុក បង្កឡើងដោយបាតុភូតមហាអែលនីញ៉ូ (El Niño) ដែលគេព្យាករណ៍ថា នឹងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនថយចុះចំនួន៧៥០ ០០០តោន។ ដោយសារតម្រូវការក្នុងស្រុកមានបរិមាណចំនួន១៣,៥៧លានតោន លើសពីការផ្គត់ផ្គង់ក្នុងស្រុកបានត្រឹមតែ ១២,៤០លានតោន ដូច្នេះរដ្ឋាភិបាលហ្វីលីពីន មានផែនការបង្កើតប្រភពស្បៀងបម្រុង និងប្រមូលទិញស្រូវក្នុងស្រុកចំនួន៥០០ ០០០តោន ដើម្បីគាំទ្រដល់កសិករ គឺជាការផ្លាស់ប្តូរខុសប្លែកពីឆ្នាំមុន ដែលធ្លាប់បានផ្អាកការនាំចូលអង្ករពីបរទេស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម បានលើកឡើងថា គោលនយោបាយបើផ្លូវនាំចូលអង្កររបស់រដ្ឋាភិបាលហ្វីលីពីន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកនាំចេញវៀតណាម ដែលចាត់ទុកប្រទេសហ្វីលីពីនជាទីផ្សារធំបំផុតរបស់ខ្លួន ដោយមានទំហំរហូតដល់៤៥ភាគរយនៃប្រាក់ចំណូលនាំចេញអង្ករសរុបរបស់វៀតណាម ចំនួន២,៦៤ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ។ ចំណែកទីភ្នាក់ងារព័ត៌មានហ្វីលីពីន បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងកើតមានឡើងនៅចុងឆ្នាំ២០២៦នេះ អាចធ្វើឱ្យទិន្នផលស្រូវរបស់ប្រទេសហ្វីលីពីនថយចុះប្រមាណ៧៥០ ០០០តោន ដែលបង្កើនហានិភ័យនៃការខ្វះខាតអង្ករ នៅមុនពេលចួលរដូវប្រមូលផលស្រូវរដូវប្រាំង នាដើមឆ្នាំ២០២៧។ រីឯតម្រូវការអង្កររបស់ប្រទេសហ្វីលីពីន មានបរិមានសរុបចំនួន១៣,៥៧លានតោន ក្នុងឆ្នាំ២០២៥ គឺច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានត្រឹមតែ១២,៤០លានតោនប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា […]