ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ជួបពិភាក្សាអំពីលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា និងនាំចេញទៅសិង្ហបុរី
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យឯកឧត្តម ស្តេវិន ប៉ាង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំប្រទេសកម្ពុជា ចូលជួបពិភាក្សាអំពីលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា (Agro-Processing Industry) និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវបច្ចុប្បន្នភាពអំពីវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើកសិផលយុទ្ធសាស្រ្តចំនួន៥ រួមមាន៖ ដំណាំស្រូវ ដំណាំស្វាយចន្ទី ដំណាំដំឡូងមី ដំណាំពោតក្រហម និងដំណាំស្វាយ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសក្តានុពលនៃការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផល ពោលគឺកម្ពុជាបច្ចុប្បន្ននេះ អាចមានសមត្ថភាពផលិតនូវកសិផលយុទ្ធសាស្រ្តទាំង៥នេះ ក្នុងបរិមាណសមស្រប និងគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់សហគ្រាសកែច្នៃក្នុងការនាំចេញ។ បន្ថែមពីលើការធ្វើបច្ចុប្បន្នភាពដំណាំយុទ្ធសាស្រ្តរបស់កម្ពុជា, ឯកឧត្តមបណ្ឌិត ក៏ចែករំលែកនូវព័ត៌មានអំពីខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនៃកសិផលយុទ្ធសាស្រ្តទាំង៥នេះ ព្រមទាំងខ្សែច្រវាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាព (Safe Vegetables) ដែលដាំក្នុងផ្ទះសំណាញ់ និងផ្លែឈើ និងតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) […]