កសិករម្នាក់ប្រើទុនជាង៥ ០០០ដុល្លារ បង្កើតមុខរបរចិញ្ចឹមសត្វ ហើយអាចរកបានចំណូលជិតបីលានរៀលក្នុងមួយខែ

photo_2026-08-10_08-40-18

ដោយ ឡុង សារេត

កណ្តាល៖ កសិករម្នាក់រស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានចាប់ផ្តើមចិញ្ចឹមមាន់ស្របតាមបច្ចេកទេសច្បាស់លាស់ និងជាពេទ្យសត្វប្រចាំឃុំ ទទួលបានទុនពីគម្រោងតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នូវទឹកប្រាក់ប្រមាណ៥ ២០០ដុល្លារ ដើម្បីសាងសង់រោងមួយខ្នង សម្រាប់ចិញ្ចឹមមេមាន់ចំនួន១៤០ក្បាល និងយកស៊ុតភ្ញាស់កូនមាន់ពូជចែកចាយទៅលើទីផ្សារ ដោយរំពឹងថា អាចរកចំណូលបានជិតបីលានរៀលក្នុងមួយខែ។

កសិករឈ្មោះ កន ប៊ុនធឿន បានបញ្ជាក់ថា លោកបានទទួលទុនពីគម្រោង APIRE AT តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅខែមេសា ឆ្នាំ២០២៦ នូវទំហំទឹកប្រាក់ចំនួន៥​២០០ដុល្លារ ដើម្បីចាក់ដីពង្រីករោង ឬសាងសង់រោងចិញ្ចឹមមាន់បានមួយខ្នង ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយប្រវែង២៥ម៉ែត្រ អាចដាក់មេមាន់ពូជបានចំនួន១៤០ក្បាល។ តែកន្លងមកមិនទាន់បានយកស៊ុតមាន់ទាំងនេះមកភ្ញាស់បានកូនមាន់លក់នៅឡើយទេ តែចាប់ពីខែសីហានេះតទៅ លោលរំពឹងថា អាចភ្ញាស់បានកូនមាន់ចន្លោះពី៨០០ ទៅ១ ០០០កូនក្នុងមួយខែ និងអាចទទួលបានប្រាក់ចំណូលពីរលានប្រាំបីរសែនរៀលក្នុងមួយខែ។

ក្រោយមកលោកបានបង្ហាញបទពិសោធន៍នៃការលក់កូនមាន់ពូជដល់កសិករ ក៏ដូចជាសហគមន៍នៅតាមតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការចិញ្ចឹមសត្វ។ ចំពោះកូនមាន់អាយុត្រឹមបីថ្ងៃមានតម្លៃ៣ ៥០០រៀល,កូនមាន់អាយុមួយសប្តាហ៍មានតម្លៃ៤ ០០០រៀល, កូនមាន់អាយុ១៤ថ្ងៃ​ មានតម្លៃ៤ ៥០០រៀល និងកូនមាន់អាយុ២១ថ្ងៃ មានតម្លៃ៥ ៥០០រៀល ក្នុងមួយក្បាល។

លោក កន ប៊ុនធឿន បានសង្កត់ធ្ងន់ថា ក្រោយពីបានសហការតាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade- ASPIRE-AT) លោករំពឹងថា នឹងបានកែសម្រួលជីវភាពគ្រួសារកាន់តែប្រសើរថែមទៀត តាមរយៈមុខរបរចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ពូជ សម្រាប់ចែកចាយទៅលើទីផ្សារ។

សូមជម្រាបជូនថា កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម  គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រងការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះបានទទួលហិរញ្ញប្បទានជាប្រាក់កម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development- IFAD)ធនាគារវិនិយោគអឺរ៉ុប (European Investment Bank), ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីនេះមានគោលបំណងអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព តាមរយៈការពង្រឹងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ការពង្រីកទីផ្សារក្នុងស្រុក, ទីផ្សារនាំចេញ និងការបង្កើនប្រាក់ចំណូលដល់ គ្រួសារកសិករក្រីក្រ សហគមន៍កសិកម្ម និងប្រជាពលរដ្ឋនៅជនបទ។

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ផ្តោតសំខាន់លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅប្រាំពីរប្រភេទ រួមមាន មាន់ស្រែ បន្លែ ពោត ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ និងផ្លែឈើកែច្នៃ សម្រាប់នាំចេញ ដោយគ្របដណ្តប់លើខេត្តគោលដៅចំនួន២១ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាដៃគូអនុវត្តគម្រោង ធនាគារ ARDB បានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប និងមានលក្ខខណ្ឌសងត្រឡប់ប្រកបដោយភាពបត់បែន ស្របតាមលទ្ធភាព និងលំហូរចំណូលរបស់អតិថិជន។ ការគាំទ្រនេះមានគោលបំណងជួយពង្រឹង និងពង្រីកផលិតភាពផលិតកម្ម បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ។

គិតចាប់ពីចុងឆ្នាំ២០២៥ រហូតមកដល់ខែមិថុនា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់ឥណទានដល់កសិករខ្នាតតូចចំនួន១៩៣នាក់ សរុបទឹកប្រាក់ប្រមាណជិតមួយលានដុល្លារ និងសហគមន៍កសិកម្មចំនួនប្រាំបី សរុបទឹកប្រាក់ប្រមាណជាងបួនសែនដុល្លារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់លើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយបរិយាប័ន្ន និងមាននិរន្តរភាព៕

 


image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]

image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

កាលវិភាគផ្សព្វផ្សាយ