ដោយ ឡុង សារេត
ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។
យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។
លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។
លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។
ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក ក្រុមហ៊ុន អេហ្គ្រី ស្មាត ពន្យល់ថា ការប្រើបច្ចេកវិទ្យា ធ្វើឱ្យចំណាយមានគម្លាតខុសគ្នារវាងការធ្វើស្រែតាមបែបប្រពៃណី។ តួយ៉ាងក្នុងដីមួយហិកតា នៅពេលកន្លងទៅកសិករត្រូវការចំណាយប្រាក់ប្រហែលពីរលានរៀល ហើយក្នុងបរិបទតម្លៃប្រេងឡើងថ្លៃ នេះកសិករត្រូវចំណាយជាងពីរលានរៀល។
ប៉ុន្តែការធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើប កសិករត្រូវការចំណាយប្រាក់ប្រហែលមួយលាន៥០ម៉ឺនរៀល។ តែមកដល់បច្ចុប្បន្ននេះ លោកសង្កេតឃើញថា កសិករនៅតាមតំបន់មួយចំនួនបានងាកប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើស្រែជាបន្តបន្ទាប់៕








