ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

777

ដោយ ឡុង សារេត

កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​

លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​

លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​

ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​

លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។

​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ​ធ្លាប់មានប្រសាសន៍ថា​វិស័យកសិកម្ម គឺជាវិស័យមួយ ដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់សេដ្ឋកិច្ច​ជាតិ និងជាជីវភាព​របស់ប្រជាពលរដ្ឋ​។ ទោះយ៉ាងណា​ក៏ដោយកសិករកំពុងប្រឈម​ខ្លាំងនិងការប្រែប្រួលអាកាសធាតុ​ ការកើនឡើងកម្ដៅ​ និងបាតុភូតមិនប្រក្រតីនានា​ ដែលបង្កឱ្យប៉ះពាល់ដល់ទិន្នផល​ គុណភាពកសិផល​ ពិសេស​ដំណាំម្រេចកំពត ដែល​ជាដំណាំសក្តានុពល និងជាម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញ​ប្រចាំខេត្តកំពត​។​

​លោក​លើកឡើង​ថា​ “ឆ្លើយតបទៅនិងបញ្ហាខាងលើនេះ​។ ការផ្លាស់ប្តូរទម្លាប់របស់កសិករ​តាមបែបប្រពៃណីមក​អនុវត្តកសិកម្ម​បៃតង និងបច្ចេកវិទ្យា​ឆ្លាតវៃ ធន​នឹងអាកាសធាតុ ​គឺ​ជាតម្រូវការចាំបាច់​ ហើយ​បន្ទាន់បំផុត​សម្រាប់យើងទាំងអស់គ្នា​។ តួយ៉ាងការសម្ងួតម្រេច​ដោយប្រើថាមពលពន្លឺព្រះអាទិត្យ​​​ មិនត្រឹមតែជួយ​កាត់បន្ថយ​នូវឧស្ម័ន​ផ្ទះកញ្ចក់ទេ​ ប៉ុន្តែ​ថែមទាំងជួយរក្សាបាន​ភាពអនាម័យ និងស្តង់ដា​រម្រេចកំពត​ឱ្យកាន់តែប្រសើឡើង​ថែមទៀត​ ដើម្បីបង្កើនប្រាក់ចំណូលមួយចំណែក​ថែមទៀត”៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ