កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត កាកែច្នៃសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប

IMG_4354

ដោយ ឡុង សារេត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធនិងអង្គការដៃគូពាក់ព័ន្ធ បានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត ការកែច្នៃសម្រាប់ធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥។

វេទិកានេះរៀបចំនៅណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer  ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា,  រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ៣៧០នាក់។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ ឯកឧត្តមបានលើកឡើងថា សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា“ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងសហភាពអឺរ៉ុប អាល្លឺម៉ង់មានតម្រូវការផលិតផលដែលមានគុណភាពខ្ពស់ និងមានប្រភពច្បាស់លាស់។ កម្លាំងទិញរបស់អ្នកប្រើប្រាស់នៅអាល្លឺម៉ង់ផ្តល់ឱកាសយ៉ាងធំសម្រាប់ការនាំចេញពីកម្ពុជា។ យើងក៏មានបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបផ្នែកផលិត កម្ម និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ដែលនឹងជួយលើកកម្ពស់ផលិតផលកម្ពុជា ឱ្យឆាប់ឈានដល់ស្តង់ដារអន្តរជាតិ”។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថានៅក្នុងឆ្នាំ២០២៥នេះ តាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កម្ពុជាមានដំណាំស្វាយចន្ទីមានប្រមាណ៦០ម៉ឺនហិកតា  និងមានបរិមាណផលប្រមាណ១លានតោន, ដំណាំម្រេចមានផ្ទៃដីដាំដុះប្រមាណជាង៧ពាន់ហិកតា បរិមាណផលជាង២លានតោន។

ឯកឧត្តម តូច ប៊ុនហួរ លើកឡើងថា ទោះបីជាដំណាំទាំងពីរប្រភេទមានការរីកចម្រើនយ៉ាងណាក្តី ដំណាំទាំងនេះនៅមានបញ្ហាប្រឈមមួយចំនួនដូចជា កសិករមួយចំនួនមិនទាន់បានយល់ច្បាស់ពីបច្ចេកទេស ការថែទាំ ការគ្រប់គ្រងសមាសភាពចង្រៃ ការប្រើប្រាស់ថ្នាំកសិកម្មមិនទាន់មានប្រសិទ្ធភាពជាដើម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីជាច្រើនដើម្បីគាំទ្រលើវិស័យនេះដូចជា៖១)ជំរុការប្រើប្រាស់បច្ចេកទេសកសិកម្មល្អដើម្បីធានាឱ្យផលិតផលឱ្យកាន់តែមានគុណភាពខ្ពស់ស្របតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យទៅតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និង ២) គាំទ្រការបង្កើតសហគមន៍កសិកម្មទំនើបដើម្បីជួយកសិករឱ្យមានភាពងាយស្រួលក្នុងការប្រមូលផល ការចរចារតម្លៃ និងអនុវត្តស្តង់ដាររួមគ្នា។

ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំមួយ មានតម្រូវការខ្ពស់ផលិតផលកសិកម្មដែលមានគុណភាពនិងមាននិរន្តរភាព។ ទីផ្សារសហភាពអឺរ៉ុបមិនត្រឹមតែបង្កើនតម្លៃបន្ថែមនិងប្រាក់ចំណូលជូនកសិករ និងអ្នកកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ជាផ្លូវការនូវគុណភាព របស់កសិផលរកម្ពុជានៅលើឆាកអន្តរជាតិ។ យើងក៏ដឹងដែរថានៅលើទីផ្សារទាមទារការទទួលខុសត្រូវលើខ្សែច្រវាក់ផលិតកម្មទំាំងមូលចាប់តាំងពីការដាំដុះរហូតដល់ការវេចខ្ចប់ និងការដឹកជញ្ជូនត្រូវអនុវត្តតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យរបស់សហភាពអឺរ៉ុប ជាពិសេសការគ្រប់គ្រង និងការកាត់បន្ថយកាកសំណល់ថ្នាំកសិកម្ម។

ឯកឧត្តម ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាមានស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីចំនួនមួយស្តង់ដារ និងផលិតផលម្រេចចំនួន៤ស្តង់ដារហើយកំពុងកែសម្រួលស្តង់ដារគ្រាប់ស្វាយចន្ទីឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន។

ឯកឧត្តមបន្ថែមថា “នាពេលថ្មីៗនេះ កម្លាំងផលិត និងកែច្នៃក្នុងស្រុកកំពុងទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លា និងកំពុងមានសន្ទុះនិងចលនការគួរជាទីមោទនៈ។ ក្រសួងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមសហការ ដើម្បីអភិវឌ្ឍស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើការដឹកជញ្ជូន កន្លែងស្តុកទុក និងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលស្វាយចន្ទី និងម្រេចសម្រាប់ទីផ្សារថ្មីៗ”។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា“កម្ពុជាកំពុងពង្រីកលទ្ធភាពទទួលបានទីផ្សារថ្មីៗ និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងនាមជាដៃគូពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត តាមរយៈការទាញយកប្រយោជន៍ពីកិច្ចសម្រួលពាណិជ្ជកម្មនិងអនុគ្រោះផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ”។

លោកជំទាវលើកឡើងថារាជរដ្ឋាភិបាលបន្តប្តេជ្ញាលើកកម្ពស់ភាពប្រកួតប្រជែងជាសាកលនៃវិស័យយុទ្ធសាស្ត្រលើផលិតផលស្វាយចន្ធី និងម្រេចដែលមានគុណភាពខ្ពស់ សំដៅសម្រេចបាននូវមហិច្ឆតាពង្រឹងឋានៈរបស់ខ្លួនឱ្យក្លាយជាប្រទេសដែលផលិត និងនាំចេញឈានមុខគេ។

កម្ពុជាកំពុងសហការជាមួយដៃគូនានា រួមទាំងសហភាពអឺរ៉ុប ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់ការនាំចេញ និងធានាអនុលោមតាមស្តង់ដាររបស់ទីផ្សារ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព ប្រព័ន្ធវិញ្ញាបនបត្រកម្ម និងប្រព័ន្ធតាមដានប្រភពដើមទំនិញ៕


698928568_1436076968562587_1188719781760187970_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ស្រុកកៀនស្វាយ ខេត្តកណ្តាល៖  នៅព្រឹក ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជា ២៥៧០ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB)បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការចូលរួមពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល, មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៥៦៥រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះ ក្នុងគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោ ដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករ។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផល ដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សារ រួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រ ឬជាយន្ត ដើម្បីការពារពីការរំលោភបំពានណាមួយផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ […]

photo_2026-05-13_08-38-39
តម្បាញក្រមាកំពុងក្លាយជាមុខរបររកប្រាក់ចំណូលសំខាន់មួយរបស់ជនជាតិព្នង

ដោយ រស្មី មណ្ឌលគិរី៖ តម្បាញក្រមាបានក្លាយជាមុខរបរមួយដ៏សំខាន់ ក្នុងចំណោមមុខរបរដទៃទៀតដែលក្រុមជនជាតិភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី បានបង្កើតឡើងសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ អ្នកស្រី ច្រា អៀ ជាប្រធានក្រុមតម្បាញក្រមា ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ចាប់តាំងតែពីការរៀនតម្បាញក្រមា ឆ្នាំ២០២៣មក ឃើញថា ក្រុមអ្នកភូមិជាច្រើនបានចេះជំនាញនេះច្បាស់លាស់ ហើយអាចរកប្រាក់ចំណូល តាមរយៈការលក់ក្រមាជាបន្តបន្ទាប់។ ប្រាក់ចំណូលបានមកពីការត្បាញក្រមា បានចូលរួមកាត់បន្ថយការចំណាយក្នុងជីវភាព ហើយអាចដោះស្រោយឱ្យកូនទៅរៀន។ ការងាររបស់ដូនតានេះបានកំពុងជួយស្រ្តីក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ចាកចេញទៅប្រកបរបរទីឆ្ងាយ។ អ្នកស្រីបន្តទៀតថា ក្រុមស្ត្រី ដែលត្បាញក្រមានៅក្នុងភូមិ ត្រូវបានបណ្តុះបណ្តាលជំនាញពីគ្រូតម្បាញមកពីខេត្តតាកែវ ដែលមានជំនាញច្បាស់លាស់ណាស់ ដោយមានសមាជិក១៥នាក់ បានកំពុងតែត្បាញនៅតាមផ្ទះ។ ការចាប់យកមុខរបតម្បាញនេះ បាននិងកំពុងជួយសម្រាលបន្ទុកស្វាមីមួយភាគ ដែលធ្លាប់ជាជន្ទល់សំខាន់ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនាពេលកន្លងមក។ បើតាមការបញ្ជាក់របស់អ្នកស្រី ច្រា អៀ ឱ្យដឹងទៀតថា តម្បាញក្រមានេះ ត្រូវបានធ្វើការណែនាំប្រាប់ពីគ្រូបណ្តុះបណ្តាលត្រឹមត្រូវ ដោយក្នុងនេះ ក្រមាខ្លះមានបណ្តោយ១,៨ម៉ែត្រ និងទទឹង៨០សង់ទីម៉ែត្រ។ លោក នេត្រ វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានប្រាប់ ARDBថា អង្គការរបស់លោកបានចូលរួមគាំទ្រដល់ស្ត្រី ដើម្បីទទួលចំណូលពីតម្បាញនៅភូមិពូតាំង និងភូមិពូរ៉ាង ខេត្តមណ្ឌលគិរី […]

Durian-Season-April-2026-Penang
រដូវទុរេនម៉ាឡេស៊ីចាប់ផ្តើមប្រមូលផលឆាប់ជាងឆ្នាំមុន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិត

គូឡាឡាំពួរ៖ រដូវប្រមូលផលផ្លែទុរេននៅប្រទេសម៉ាឡេស៊ីកំពុងដំណើរការ បន្ទាប់ពីមានអាកាសធាតុក្តៅនិងស្ងួតរយៈពេលយូរនៅដើមឆ្នាំ២០២៦នេះ ដោយការផ្គត់ផ្គង់ចាប់ផ្តើមទៅដល់ទីផ្សារក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ យោងតាមរបាយការណ៍ក្នុងស្រុក ពូជទុរេនផ្តល់ផលដើមរដូវ រួមមាន ឌី៦០៤ (D604) លីប៉ាន (Lipan) និងពូជមូសាង ឃីង (Musang King)។ ពូជទុរេនឌី៦០៤ ដែលជាពូជកូនកាត់មានប្រភពមកពីតំបន់ បាលីក ពូឡៅ (Balik Pulau) នៃកោះប៉េណាំង (Penang)​ ប្រទេសម៉ាឡេស៊ី និងបានណែនាំឱ្យដាំដុះនៅឆ្នាំ១៩៨៧ គឺជាពូជដំបូងគេ តែងតែមានទម្ងន់ជាង២គីឡូក្រាមក្នុងមួយផ្លែ។ អ្នកលក់ផ្លែទុរេនម្នាក់ បាននិយាយថា លក្ខខណ្ឌអាកាសធាតុបានជះឥទ្ធិពលដល់គុណភាពផ្លែឈើ។ កង្វះខាតភ្លៀងនៅឆ្នាំនេះ បានធ្វើឱ្យផ្លែទុរេនកាន់តែមានរសជាតិ។ រដូវប្រមូលផលនេះអាចមានរយៈពេលវែងជាងឆ្នាំមុន។ ទោះបីជាមានការចាប់ផ្តើមប្រមូលផលដំបូងក៏ដោយ ក៏ទីផ្សារនៅមានទំហំតូចនៅឡើយ។ ផ្លែទុរេន ដែលអាចរកទិបាននាពេលបច្ចុប្បន្ន រួមមានពូជ ឌី៦០៤, លីប៉ាន, លីប៉ាន បារ៉ា (Lipan Bara) ខ្ញីលឿង (Yellow Ginger) កាព្រី (Capri) ឌី៦០០ (D600) និងពូជមូសាង​ ឃីង (Musang […]

690207828_1490031869584694_2692935071539495481_n
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ

ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតស្លាកសញ្ញាសម្គាល់ ដែលបញ្ជាក់ពីប្រភពដើម “ទុរេនស្ទឹងត្រង់”។ ណែនាំឱ្យមានការប្រើប្រាស់  QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។ នាឱកាសនេះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំនេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕

កាលវិភាគផ្សព្វផ្សាយ