ដោយ នៅ ស៊ីវុត្ថា
កំពង់ចាម៖ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។
ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតស្លាកសញ្ញាសម្គាល់ ដែលបញ្ជាក់ពីប្រភពដើម “ទុរេនស្ទឹងត្រង់”។ ណែនាំឱ្យមានការប្រើប្រាស់ QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។
នាឱកាសនេះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំនេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕










