អ្នកជំនាញជំរុញឱ្យវៀតណាម ត្រៀមវិធានការគ្រប់គ្រងធនធានទឹក មុនគ្រោះរាំងស្ងួតចូលមកដល់

Old fish trap on ground.

ហាណូយ៖ អ្នកជំនាញនៅក្នុងប្រទេសវៀតណាម កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រៀមវិធានការទុកជាមុន ដើម្បីដោះស្រាយបញ្ហាកង្វះទឹកបង្កឡើងដោយបាតុភូតអែលនីញ៉ូ ដោយត្រូវបែងចែក និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលជួបគ្រោះរាំងស្ងួត ការជ្រៀតចូលទឹកប្រៃពីសមុទ្រ។

ក្រុមអ្នកជំនាញបានលើកឡើងបែបនេះ នៅក្នុងសន្និសីទមួយ​ ក្នុងទីក្រុងហាណូយ ដើម្បីត្រៀមសកម្មភាពគ្រប់គ្រងធនធានទឹក ការអនុវត្តច្បាប់ និងការប្រើប្រាស់ទឹកដោយសន្សំចៃ។

កាលពីឆ្នាំ២០២៣ វៀតណាមបានចេញច្បាប់មួយ ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងប្រទេសវៀតណាម ដោយដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងមួយចំនួន ដូចជា រៀបចំសេណារីយ៉ូ ស្តីពីធនធានទឹក ការបែងចែកទឹក និងការរួមគ្នាគ្រប់គ្រងអាងស្តុកទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ធ្វើកសិកម្ម។

ក្រុមអ្នកជំនាញខាងលើនេះ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតសេណារីយ៉ូ ស្តីពីស្ថានភាពទឹកក្នុងកម្រិតធម្មតា ស្ថានភាពខ្វះខាតទឹកតិចតួច និងស្ថានភាពខ្វះខាតទឹកធ្ងន់ធ្ងរ ដើម្បីរៀបចំផែនការផ្គត់ផ្គង់ទឹក ការគ្រប់គ្រងអាងស្តុកទឹក ការត្រៀមទប់ទល់នឹងគ្រោះរាំងស្ងួត និងការជ្រៀតចូលទឹកប្រៃពីសមុទ្រ។

អ្នកជំនាញម្នាក់ បានអំពាវនាវឱ្យពង្រឹងការព្យាករ និងការចែករំលែកទិន្នន័យរវាងអ្នកគ្រប់គ្រងអាងស្តុកទឹក អាជ្ញាធរគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្រុមហ៊ុនវារីអគ្គិសនី និងអង្គភាពផ្គត់ផ្គង់ទឹក។ លទ្ធផលនៃការព្យាករខាងលើនេះអាចយកទៅធ្វើជាមូលដ្ឋាន ដើម្បីចេញសម្រេចជាក់ស្តែង ដោយគិតចាប់ពីការកំណត់កាលវិភាគបូមទឹក រហូតដល់ការជ្រើសរើសប្រភេទដំណាំសម្រាប់ដាំដុះ។

ស្របពេលតម្រូវការទឹកកំពុងកើនឡើង ហើយអស់ពេលវេលាសម្រាប់សាងសង់អាងស្តុកទឹកខ្នាតធំ នៅក្នុងប្រទេសវៀតណាម ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានទឹកមានស្រាប់ និងការសិក្សាពីលទ្ធភាពផ្ទេរទឹករវាងតំបន់មួយទៅតំបន់មួយទៀត កំពុងក្លាយជាកិច្ចការកាន់តែសំខាន់។

ការបែងចែកទឹកគួរតែធានាដល់តុល្យភាពរវាងតម្រូវការប្រើប្រាស់តាមគ្រួសារ វិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពលអគ្គិសនី និងការការពារបរិស្ថាន ដោយមិនត្រូវគិតតែលើការបង្កើនបរិមាណផ្គត់ផ្គង់ទឹកប៉ុណ្ណោះទេ។

ចំណែកប្រធានសមាគមទំនប់ទឹកធំៗ និងការអភិវឌ្ឍធនធានទឹកវៀតណាម បានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការកែលម្អប្រតិបត្តិការគ្រប់គ្រងអាងស្តុកទឹក និងធានាដល់ការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព។

ទោះជាយ៉ាងណា វៀតណាមមានអាងស្តុកទឹកត្រឹមតែប្រមាណ១៧ភាគរយប៉ុណ្ណោះ ដែលមានបំពាក់ដោយប្រព័ន្ធតាមដានឧតុនិយម និងជលសាស្ត្រដោយស្វ័យប្រវត្តិ។ ចំណែកទិន្នន័យគ្រប់គ្រងទឹកវិញ នៅតែបែកខ្ញែកតាមវិស័យផ្សេងៗ ស្របពេលការសម្របសម្រួលរវាងអាងស្តុកទឹកសម្រាប់វារីអគ្គិសនី និងអាងស្តុកទឹកសម្រាប់កសិកម្ម ក្នុងអាងទន្លេតែមួយ នៅមិនទាន់ឯកភាពគ្នានៅឡើយ។

ចំណុចខ្វះខាតទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការព្យាករ និងការសម្រេចចិត្ត ជាពិសេសនៅពេលអាងស្តុកទឹកត្រូវបំពេញមុខងារច្រើនក្នុងពេលតែមួយ ដូចជា ការផ្គត់ផ្គង់ទឹក ការស្រោចស្រពដំណាំ ការផលិតថាមពលអគ្គិសនី ការគ្រប់គ្រងទឹកជំនន់ និងការការពារបរិស្ថាន៕ (ផាន់ អាណា)


1-2-1-800x400
អាម៉េរិក ផ្តល់ហិរញ្ញប្បទាន៣៤លានដុល្លារ​ ជួយកសិករហ្វីលីពីនដំណាំដំឡូងឈាមមាន់

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងផ្តល់ហិរញ្ញប្បទានប្រមាណ៣៤លានដុល្លារ ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមាន់ ស្របពេលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង នៅតាមទីផ្សារ។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានពីប្រាក់ចំណូលនៃការលក់កាកសំណល់សណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ក្នុងបរិមាណជិត៤០ ០០០តោន សម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសហ្វីលីពីន។ គម្រោងនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់កសិករដាំដំឡូងឈាមមាន់ នៅហ្វីលីពីនចំនួន១២ ៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រទេសហ្វីលីពីនកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់ដំឡូងឈាមមាន់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារសមត្ថភាពផលិតកម្មនៅមានកម្រិត។ ដើម្បីការពារប្រភពពូជដំឡូងឈាមមាន់ ដែលនៅមានចំនួនតិចជាងពីប្រទេសជាដៃគូប្រកួតប្រជែង ដូចជា វៀតណាម និងចិន រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ទៅក្រៅប្រទេស ព្រោះខ្លាចគេយកទៅធ្វើពូជដាំបន្ត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មដំឡូងឈាមមាន់ក្នុងស្រុក និងប្រែក្លាយដំណាំនេះឱ្យទៅជាប្រភពចំណូលពីការនាំចេញកាន់តែធំមួយសម្រាប់សេដកិច្ចហ្វីលីពីន។ ស្ថានទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមានើនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន៕ (ផាន់ អាណា)

IMG_4906
សហគ្រាសខ្នាតតូចនៅកម្ពុជាមានឱកាសខ្ចីទុនការប្រាក់៥ភាគរយ អនុគ្រោះសងប្រាក់ដើមរហូតដល់ពីរឆ្នាំ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទុនសម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម នឹងមានឱកាសទទួលបានកម្ចីក្នុងអត្រាការប្រាក់៥ភាគរយ ជាមួយការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ។ ឱកាសនេះកើតចេញពីកិច្ចសហការថ្មីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ក្រោមកិច្ចសហការនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសមាជិក​ FASMEC នឹងទទួលបានអាទិភាពក្នុងការសិក្សា និងពិនិត្យសំណើកម្ចីឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលការទទួលបានប្រភពទុនសម្រាប់ដំណើរការអាជីវកម្ម។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ ដែលអាចជួយឱ្យម្ចាស់សហគ្រាសមានពេលវេលាប្រើប្រាស់ទុនសម្រាប់ផលិតកម្ម ការទិញសម្ភារៈ ឬការពង្រីកអាជីវកម្ម មុនចាប់ផ្តើមសងប្រាក់ដើម។ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានលើកឡើងថា សហគ្រាសខ្មែរមួយចំនួនមិនត្រឹមតែខ្វះប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះចំណេះដឹងផ្នែកច្បាប់ បច្ចេកទេស ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដែលធ្វើឱ្យពួកគេពិបាកទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា កិច្ចសហការជាមួយ ARDB […]

photo_2026-10-23_14-12-51
ការធ្វើស្រែតាមបច្ចេកទេសវៃឆ្លាតបានផល និងតម្លៃខ្ពស់ – មន្ត្រីជំនាញថា ចំណេញទាំងពូជ ទឹក និងថ្លៃដើម

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្រែបង្ហាញស្រូវសែនក្រអូប និងផ្ការំដួល នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលទិន្នផលខ្ពស់ ដោយប្រើប្រាស់​ពូជ និងទឹកតិច ហើយថ្លៃដើមផលិតទាប។ មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី លោក ខេន សុជាតិ បានឱ្យដឹងថា ការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុលើដំណាំស្រូវ កំពុងទទួលបានទិន្នផលខ្ពស់  និងតម្លៃសមរម្យ បើធៀបនឹងការធ្វើស្រែតាមបែបធម្មតា។ លោកបាននិយាយថា ការ​សាកល្បងបានចាប់ផ្ដើមអនុវត្តលើកសិករចំនួន ៤ គ្រួសារ ដោយមួយគ្រួសារមានផ្ទៃដីធ្វើស្រែចំនួន១ហិកតា។ លោកបានឱ្យដឹងថា មកដល់ពេលនេះ ស្រែបង្ហាញចំនួន ២ ហិកតា ដែលដាំពូជស្រូវសែនក្រអូប ០១ និងស្រូវសើម បានប្រមូលផលរួចរាល់ ដោយស្រែមួយទទួលបានទិន្នផល ៥ តោនក្នុងមួយហិកតា និងស្រែមួយទៀតទទួលបានជាង ៤ តោនក្នុងមួយហិកតា។ ចំណែកស្រែបង្ហាញចំនួន ២ ហិកតាទៀត ដែលដាំពូជស្រូវផ្ការំដួល គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែវិច្ឆិកានេះ។ លោក ខេន សុជាតិ បានបញ្ជាក់ថា ការធ្វើស្រែតាមបច្ចេកទេសកសិកម្មវៃឆ្លាតមានភាពខុសគ្នាពីការធ្វើស្រែធម្មតា ទាំងការថែទាំ និងការប្រើប្រាស់ជី។ ចំពោះតម្លៃលក់វិញ ស្រូវដែលផលិតតាមបច្ចេកទេសនេះអាចមានតម្លៃខ្ពស់ជាងស្រូវធម្មតាចន្លោះពី […]

Boat on the river
ឥណ្ឌូណេស៊ីគ្រោងបង្កើតភូមិនេសាទទំនើបឱ្យបាន៥ ០០០ភូមិ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី មានគោលដៅដាក់ឱ្យដំណើរការពេញលេញនូវភូមិនេសាទទំនើបចំនួន១៣៦៩បន្ថែមទៀត នៅដើមឆ្នាំ២០២៧ តាមគម្រោងអភិវឌ្ឍភូមិនេសាទទំនើបឱ្យបានចំនួន៥ ០០០នៅទូទាំងប្រទេស។ កាលពីថ្ងៃទី២២ ខែតុលា អគ្គលេខាធិការក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានកំណត់គោលដៅអភិវឌ្ឍភូមិនេសាទទំនើបឱ្យបាន៥ ០០០នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយបែងចែកជាដំណាក់កាលៗ។ លោកបានថ្លែងថា ក្នុងចំណោមភូមិនេសាទទាំង៥០០០ភូមិ ក្រសួងកំពុងអនុវត្តការអភិវឌ្ឍនៅទីតាំងចំនួន ១ ៣៦៩ភូមិ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។ ភូមិនេសាទទាំងអស់នេះ នឹងដំណើរការពេញលេញនៅដើមឆ្នាំ២០២៧។ ក្នុងចំណោមភូមិនេសាទទាំង១ ៣៦៩ភូមិ មានភូមិចំនួន១ ២៦៩ភូមិ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ខណៈភូមិចំនួន១០០ភូមិទៀត កំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំដាក់ឱ្យដំណើរការ។ លោកបានឱ្យដឹងថា ក្រសួងនឹងបង្កើនការផ្តល់ជំនួយបច្ចេកទេសដល់អ្នកគ្រប់គ្រងភូមិនេសាទ រៀបចំវគ្គបណ្តុះបណ្តាល និងអប់រំដល់សហគមន៍មូលដ្ឋាន និងប្រជានេសាទ ព្រមទាំងជួយសម្រួលដល់ការទទួលបានហិរញ្ញប្បទាន មុនពេលភូមិនេសាទទាំងនេះចាប់ផ្តើមដំណើរការពេញលេញ។ លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេសាទទាំងនេះ មិនមែនគ្រាន់តែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរវប្បធម៌ការងារ និងស្តង់ដារប្រតិបត្តិការផងដែរ។ លោកបានពន្យល់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចភូមិនេសាទឱ្យដំណើរការបានល្អ ក៏ទាមទារឱ្យមានការណែនាំអំពីរបៀបធ្វើការថ្មីៗដល់ប្រជានេសាទផងដែរ រួមមានការផ្គត់ផ្គង់ទឹកកកតាមភូមិ និងការកែលម្អប្រព័ន្ធទីផ្សារផលិតផលជលផល។ លោកបានបញ្ជាក់ថា […]

កាលវិភាគផ្សព្វផ្សាយ