ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ស្រែបង្ហាញស្រូវសែនក្រអូប និងផ្ការំដួល នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលទិន្នផលខ្ពស់ ដោយប្រើប្រាស់ពូជ និងទឹកតិច ហើយថ្លៃដើមផលិតទាប។
មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី លោក ខេន សុជាតិ បានឱ្យដឹងថា ការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុលើដំណាំស្រូវ កំពុងទទួលបានទិន្នផលខ្ពស់ និងតម្លៃសមរម្យ បើធៀបនឹងការធ្វើស្រែតាមបែបធម្មតា។
លោកបាននិយាយថា ការសាកល្បងបានចាប់ផ្ដើមអនុវត្តលើកសិករចំនួន ៤ គ្រួសារ ដោយមួយគ្រួសារមានផ្ទៃដីធ្វើស្រែចំនួន១ហិកតា។
លោកបានឱ្យដឹងថា មកដល់ពេលនេះ ស្រែបង្ហាញចំនួន ២ ហិកតា ដែលដាំពូជស្រូវសែនក្រអូប ០១ និងស្រូវសើម បានប្រមូលផលរួចរាល់ ដោយស្រែមួយទទួលបានទិន្នផល ៥ តោនក្នុងមួយហិកតា និងស្រែមួយទៀតទទួលបានជាង ៤ តោនក្នុងមួយហិកតា។ ចំណែកស្រែបង្ហាញចំនួន ២ ហិកតាទៀត ដែលដាំពូជស្រូវផ្ការំដួល គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែវិច្ឆិកានេះ។
លោក ខេន សុជាតិ បានបញ្ជាក់ថា ការធ្វើស្រែតាមបច្ចេកទេសកសិកម្មវៃឆ្លាតមានភាពខុសគ្នាពីការធ្វើស្រែធម្មតា ទាំងការថែទាំ និងការប្រើប្រាស់ជី។ ចំពោះតម្លៃលក់វិញ ស្រូវដែលផលិតតាមបច្ចេកទេសនេះអាចមានតម្លៃខ្ពស់ជាងស្រូវធម្មតាចន្លោះពី ១០០ ទៅ ២០០ រៀលក្នុងមួយគីឡូក្រាម។
លោក ហម រ៉ន កសិករដែលបានអនុវត្តគម្រោងស្រែបង្ហាញនេះ បានឱ្យដឹងថា ការប្រើប្រាស់បច្ចេកទេសថ្មីជួយកាត់បន្ថយបរិមាណគ្រាប់ពូជដែលត្រូវប្រើ ការដាំដុះទទួលបានទិន្នផលល្អ និងតម្លៃលក់សមរម្យជាងមុន ។
គម្រោងកែលម្អសន្តិសុខទឹកកម្ពុជារបស់រាជរដ្ឋាភិបាលត្រូវបានដាក់ចេញក្នុងគោលដៅជំរុញកសិករដាំដុះដំណាំស្រូវ និងបន្លែ ឱ្យយល់ដឹងអំពីការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
គម្រោងនេះក៏មានគោលបំណងបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកទេសថ្មី ដែលអាចជួយសន្សំសំចៃទឹក កាត់បន្ថយកម្លាំងពលកម្ម និងថ្លៃដើមផលិតកម្ម ព្រមទាំងបង្កើនផលិតភាព គុណភាពផលិតផលកសិកម្ម និងប្រាក់ចំណូលរបស់គ្រួសារកសិករឱ្យកាន់តែប្រសើរឡើង៕





