ម៉ានីល៖ ផលិតកម្មស្រូវរបស់ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងធ្លាក់ចុះបរិមាណជិត១លានតោន ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ ធ្វើឱ្យកសិករមិនសូវមានលទ្ធភាព និងគ្មានទឹកចិត្តចង់ធ្វើស្រែ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា «យើងកំពុងមើលឃើញថា ផលិតកម្មស្រូវនៅឆ្នាំនេះ អាចថយចុះប្រមាណ១លានតោន បើធៀបនឹងឆ្នាំមុន»។
ផ្អែកតាមការព្យាករចុងក្រោយ ផលិតកម្មស្រូវរបស់ហ្វីលីពីន នៅឆ្នាំ២០២៦ អាចសម្រេចបានប្រមាណ១៨,៦៨លានតោន ធ្លាក់ចុះពី១៩,៦៨លានតោន ដែលប្រមូលផលបានកាលពីឆ្នាំ២០២៥។
ប្រសិនបើការព្យាករនេះក្លាយជាការពិត នោះនឹងជាកម្រិតផលិតកម្មស្រូវទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ដែលនៅពេលនោះ ហ្វីលីពីនផលិតស្រូវបានត្រឹមតែ១៧,៦៣លានតោនប៉ុណ្ណោះ។
ការព្យាករចុងក្រោយនេះក៏មានន័យថា ក្រសួងកសិកម្មហ្វីលីពីននឹងមិនអាចសម្រេចបានគោលដៅផលិតកម្មស្រូវចំនួន១៩,៨៧លានតោន ដែលបានកំណត់សម្រាប់ឆ្នាំនេះឡើយ។ គោលដៅនេះធ្លាប់ត្រូវបានកាត់បន្ថយពីផែនការដើម ដែលមានបំណងសម្រេចផលិតកម្មស្រូវខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន២០,៣ លានតោន។
កន្លងមក ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ការបាត់បង់ផលិតកម្មស្រូវនៅឆ្នាំនេះ អាចមានបរិមាណ៧០ម៉ឺនតោន ប៉ុន្តែក្រោយមកបានកែសម្រួលតួលេខនេះឡើងដល់១លានតោន ខណៈផលប៉ះពាល់ពីការកើនឡើងថ្លៃដើមផលិតកម្មលើវិស័យដំណាំស្រូវ រួមទាំងបាតុភូតធម្មជាតិផងដែរ។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាពិសេស តម្លៃជីកសិកម្មខ្ពស់ពេក បានធ្វើឱ្យកសិករគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយបរិមាណជី ដែលជាហេតុនាំឱ្យទិន្នផលស្រូវធ្លាក់ចុះ។
តម្លៃជីអ៊ុយរ៉េ ឡើងថ្លៃជាបន្តបន្ទាប់តាមតម្លៃប្រេង ចាប់តាំងពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កាលពីដើមឆ្នាំនេះ។
ទន្ទឹមនឹងនេះ ផលប៉ះពាល់ពីអាកាសធាតុក្តៅស្ងួតហួតហែង ដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Niño) ក៏ត្រូវបានរំពឹងថា នឹងប៉ះពាល់ដល់ផលិតកម្មស្រូវរបស់ហ្វីលីពីននៅឆ្នាំនេះផងដែរ។
ដោយសារបាតុភូតអែលនីញ៉ូ ដែលមានឥទ្ធិពលកាន់តែខ្លាំង ត្រូវបានព្យាករថា នឹងបន្តអូសបន្លាយរហូតដល់ឆមាសទីមួយ នៃឆ្នាំ២០២៧ ដូច្នេះ ផលិតកម្មស្រូវនៅឆ្នាំក្រោយក៏អាចបន្តធ្លាក់ចុះផងដែរ ប៉ុន្តែអាចតិចជាង១លានតោន។
ដើម្បីធានាឱ្យមានការផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាព ប្រទេសហ្វីលីពីនបានបង្កើនការនាំចូលអង្ករ ដើម្បីបំពេញកង្វះខាត បង្កឡើងពីការធ្លាក់ចុះផលិតកម្មស្រូវក្នុងស្រុក៕ (ផាន់ អាណា)







