ឡុងដ៍៖ សាកលវិទ្យាល័យមួយមកពីចក្រភពអង់គ្លេស ទទួលបានថវិកាជាង៣លានដុល្លារ សម្រាប់ចំណាយលើការស្រាវជ្រាវជាអន្តរជាតិ ដែលមានរយៈពេល៤ឆ្នាំ ដើម្បីដោះស្រាយបញ្ហាភាពធន់នឹងថ្នាំប្រឆាំងមេរោគ នៅក្នុងឧស្សាហកម្មចិញ្ចឹមត្រីប្រា របស់ប្រទេសវៀតណាម។
គម្រោងនេះ ដែលដឹកនាំដោយសាស្ត្រាចារ្យម្នាក់ មកពីវិទ្យាស្ថានវារីវប្បកម្មចក្រភពអង់គ្លេស នឹងសិក្សាពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគ កើតឡើងនៅក្នុងប្រព័ន្ធវារីវប្បកម្មទឹកសាប ព្រមទាំងឧបសគ្គធ្វើឱ្យកសិករមិនចង់ប្រើវិធីសាស្ត្រផ្សេងជំនួសថ្នាំប្រឆាំងមេរោគ។
គម្រោងនេះប្រមូលផ្តុំដោយអ្នកស្រាវជ្រាវមកពីជំនាញផ្សេងៗ រួមមានផ្នែកវារីវប្បកម្ម មីក្រូជីវវិទ្យា ពេទ្យសត្វ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។
ក្រុមស្រាវជ្រាវនឹងសហការជាមួយកសិករវៀតណាម អ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំឧស្សាហកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការស្រាវជ្រាវ និងក្របខណ្ឌអនុវត្តជាក់ស្តែង សំដៅលើកកម្ពស់ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវារីវប្បកម្មទឹកសាប។
សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា ភាពធន់នឹងឱសថប្រឆាំងមេរោគ ត្រូវគេទទួលស្គាល់ជាទូទៅថា ជាបញ្ហាប្រឈមសកលដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលសង្គមកំពុងប្រឈមមុខ។
លោកស្រីសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា បញ្ហានេះត្រូវបានចាត់ទុកជាបញ្ហារួម ពីព្រោះវាប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
លោកស្រីបានពន្យល់ថា បរិស្ថានទឹកមានតួនាទីសំខាន់ក្នុងការកកើតឡើង និងការចម្លងរាលដាលនៃភាពធន់នឹងឱសថប្រឆាំងមេរោគ ស្របពេលវិស័យវារីវប្បកម្មទាំងពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះ និងមានអន្តរកម្មជាមួយប្រព័ន្ធទាំងនេះថែមទៀត។
លោកស្រីបានបន្ថែមថា វិស័យចិញ្ចឹមត្រីប្រារបស់វៀតណាម គឺជាករណីសិក្សាដ៏សមស្របមួយ សម្រាប់ស្វែងយល់ពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគកើតឡើង និងបង្កផលប៉ះពាល់ចំពោះផលិតកម្ម និងវិធីសាស្ត្រគ្រប់គ្រងជំងឺផ្សេងៗ ដែលអាចធ្វើឱ្យការចិញ្ចឹមត្រីមាននិរន្តរភាពកាន់តែប្រសើរ។
គម្រោងនេះក៏នឹងសិក្សាពីមូលហេតុ ដែលកសិករវៀតណាមនៅតែបន្តប្រើថ្នាំប្រឆាំងមេរោគ ទោះបីជាថ្នាំទាំងនេះអាចលែងមានប្រសិទ្ធភាពក៏ដោយ។
លោកស្រីបានថ្លែងថា «នៅពេលថ្នាំប្រឆាំងមេរោគលែងមានប្រសិទ្ធភាពក្នុងវិស័យវារីវប្បកម្ម ជាពិសេសនៅក្នុងប្រព័ន្ធចិញ្ចឹមសត្វទឹកសាប នៅតំបន់អាស៊ីអាគ្នេយ៍ កសិករតែងតែគ្មានជម្រើសច្រើនទេ។ ទោះជាយ៉ាងណា ពួកគេនៅតែជឿជាក់លើផលិតផលថ្នាំប្រឆាំងមេរោគ ទោះបីជាថ្នាំទាំងនោះលែងមានប្រសិទ្ធភាពក៏ដោយ»។
លោកស្រីសាស្ត្រាចារ្យ បានបន្ថែមថា ការបន្តប្រើប្រាស់ថ្នាំបែបនេះអាចនាំឱ្យភាពធន់នឹងឱសថប្រឆាំងមេរោគវិវត្តយ៉ាងឆាប់រហ័ស ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
គម្រោងថ្មីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលទ្ធផលស្រាវជ្រាវពីមុន ស្តីពីការប្រើប្រាស់វ៉ាក់សាំងត្រី ជាជម្រើសជំនួសថ្នាំប្រឆាំងមេរោគ។
ការស្រាវជ្រាវកន្លងមក រួមមានការអភិវឌ្ឍ និងការធ្វើតេស្តវ៉ាក់សាំងសម្រាប់ការពារជំងឺបង្កដោយបាក់តេរី ដែលប៉ះពាល់ដល់ត្រីប្រាចិញ្ចឹមនៅវៀតណាម។
ថវិកាសម្រាប់គម្រោងនេះ គឺជាផ្នែកមួយនៃការវិនិយោគទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស រួមជាមួយស្ថាប័នស្រាវជ្រាវ និងនវានុវត្តន៍ចក្រភពអង់គ្លេស ដែលមានទឹកប្រាក់សរុបជាង៧១លានដុល្លារ៕ (ផាន់ អាណា)







