តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់រំពឹងថា នឹងចាប់ផ្តើមនាំចេញផ្លែម្នាស់ទៅកាន់សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧ បន្ទាប់ពីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់សហរដ្ឋអាម៉េរិក បានប្រកាសឯកភាពចំពោះលក្ខខណ្ឌនាំចូលកសិផលរបស់តៃវ៉ាន់។
រដ្ឋមន្ត្រីកសិកម្មតៃវ៉ាន់បានឱ្យដឹងថា ពូជម្នាស់បីប្រភេទដាំដុះលើកោះតៃវ៉ាន់ មិនតម្រូវឱ្យអនុវត្តវិធានការចត្តាឡីស័កពិសេស ដើម្បីកម្ចាត់រុយទិញផ្លែ និងដង្កូវសត្វល្អិតឡើយ។
ក្នុងឆ្នាំ២០២៦ កោះតៃវ៉ាន់បាននាំចេញម្នាស់ចំនួន១៥ ៧០០តោនទៅកាន់ប្រទេសជប៉ុន ខណៈការនាំចេញទៅកាន់ប្រទេសកាណាដា កូរ៉េខាងត្បូង និងអូស្ត្រាលី បានកើនឡើងផងដែរ។
ទន្ទឹមនឹងនេះ កោះតៃវ៉ាន់កំពុងខិតខំស្វែងរកការអនុញ្ញាតឱ្យនាំចេញផ្លែស្វាយ ផ្លែស្រកានាគ ផ្លែគូលែន និងផ្លែត្របែក ទៅកាន់ទីផ្សារផ្សេងទៀត។
កាលពីឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងផ្លែត្របែកពីតៃវ៉ាន់ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៦ សហភាពអឺរ៉ុបក៏បានអនុញ្ញាតឱ្យនាំចូលផ្លែពុទ្រា ផ្លែស្រកានាគ និងផ្លែគូលែនផងដែរ។
ផ្លែស្វាយ និងផ្លែគូលែនរបស់តៃវ៉ាន់ បានចូលដល់ផ្សារទំនើបនៅចក្រភពអង់គ្លេស និងប្រទេសបារាំងជា
ផ្លែស្វាយតៃវ៉ាន់ បានចូលដល់ទីផ្សារបារាំង ហើយលក់អស់ជាង៤តោន ក្នុងរយៈពេលមួយខែ ក្នុងតម្លៃ២៩ ដុល្លារក្នុងមួយផ្លែ។
ការទទួលបានសិទ្ធិចូលទីផ្សារទាំងនេះ កើតចេញពីកិច្ចចរចា ស្តីពីលក្ខខណ្ឌនាំចូលរបស់អឺរ៉ុប ដែលគ្របដណ្តប់លើការដាក់ស្លាកសញ្ញាសម្គាល់ផលិតផល កម្រិតសំណល់ថ្នាំកសិកម្ម និងលក្ខខណ្ឌធ្វើទីផ្សារ។
តៃវ៉ាន់ក៏ទទួលបានសិទ្ធិនាំចេញម្នាស់ទៅកាន់ប្រទេសនូវែលសេឡង់ផងដែរ បន្ទាប់ពីកិច្ចចរចាអស់រយៈពេល៨ឆ្នាំ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្នាំ២០១៣។ ម្នាស់តៃវ៉ាន់ជើងដំបូងបានទៅដល់ប្រទេសនូវែលសេឡង់ នៅខែឧសភា ឆ្នាំ២០២៥។
ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងរក្សាទុកផលិតផលក្នុងសីតុណ្ហភាពត្រជាក់ បានជួយឱ្យផ្លែឈើតៃវ៉ាន់អាចចូលទៅកាន់ទីផ្សារជាច្រើន រួមមានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា សិង្ហបុរី ហុងកុង ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះប៉ាឡៅ។
ទោះបីជាតៃវ៉ាន់កំពុងពង្រីកទីផ្សារទៅកាន់អឺរ៉ុបក៏ដោយ ចិន និងហុងកុង នៅតែជាគោលដៅនាំចេញផ្លែឈើសំខាន់ជាងគេផងដែរ។
ក្នុងរយៈពេលពីឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៦ តៃវ៉ាន់បាននាំចេញផ្លែឈើស្រស់ទៅកាន់ទីផ្សារចិន និងហុងកុង ក្នុងតម្លៃសរុប៣៧០លានដុល្លារ ចំណែកការនាំចេញទៅជប៉ុន មានតម្លៃជិត២០០លានដុល្លារ៕ (ផាន់ អាណា)







