ហាណូយ៖ អ្នកជំនាញនៅក្នុងប្រទេសវៀតណាម កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រៀមវិធានការទុកជាមុន ដើម្បីដោះស្រាយបញ្ហាកង្វះទឹកបង្កឡើងដោយបាតុភូតអែលនីញ៉ូ ដោយត្រូវបែងចែក និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលជួបគ្រោះរាំងស្ងួត ការជ្រៀតចូលទឹកប្រៃពីសមុទ្រ។
ក្រុមអ្នកជំនាញបានលើកឡើងបែបនេះ នៅក្នុងសន្និសីទមួយ ក្នុងទីក្រុងហាណូយ ដើម្បីត្រៀមសកម្មភាពគ្រប់គ្រងធនធានទឹក ការអនុវត្តច្បាប់ និងការប្រើប្រាស់ទឹកដោយសន្សំចៃ។
កាលពីឆ្នាំ២០២៣ វៀតណាមបានចេញច្បាប់មួយ ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងប្រទេសវៀតណាម ដោយដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងមួយចំនួន ដូចជា រៀបចំសេណារីយ៉ូ ស្តីពីធនធានទឹក ការបែងចែកទឹក និងការរួមគ្នាគ្រប់គ្រងអាងស្តុកទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ធ្វើកសិកម្ម។
ក្រុមអ្នកជំនាញខាងលើនេះ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតសេណារីយ៉ូ ស្តីពីស្ថានភាពទឹកក្នុងកម្រិតធម្មតា ស្ថានភាពខ្វះខាតទឹកតិចតួច និងស្ថានភាពខ្វះខាតទឹកធ្ងន់ធ្ងរ ដើម្បីរៀបចំផែនការផ្គត់ផ្គង់ទឹក ការគ្រប់គ្រងអាងស្តុកទឹក ការត្រៀមទប់ទល់នឹងគ្រោះរាំងស្ងួត និងការជ្រៀតចូលទឹកប្រៃពីសមុទ្រ។
អ្នកជំនាញម្នាក់ បានអំពាវនាវឱ្យពង្រឹងការព្យាករ និងការចែករំលែកទិន្នន័យរវាងអ្នកគ្រប់គ្រងអាងស្តុកទឹក អាជ្ញាធរគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្រុមហ៊ុនវារីអគ្គិសនី និងអង្គភាពផ្គត់ផ្គង់ទឹក។ លទ្ធផលនៃការព្យាករខាងលើនេះអាចយកទៅធ្វើជាមូលដ្ឋាន ដើម្បីចេញសម្រេចជាក់ស្តែង ដោយគិតចាប់ពីការកំណត់កាលវិភាគបូមទឹក រហូតដល់ការជ្រើសរើសប្រភេទដំណាំសម្រាប់ដាំដុះ។
ស្របពេលតម្រូវការទឹកកំពុងកើនឡើង ហើយអស់ពេលវេលាសម្រាប់សាងសង់អាងស្តុកទឹកខ្នាតធំ នៅក្នុងប្រទេសវៀតណាម ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានទឹកមានស្រាប់ និងការសិក្សាពីលទ្ធភាពផ្ទេរទឹករវាងតំបន់មួយទៅតំបន់មួយទៀត កំពុងក្លាយជាកិច្ចការកាន់តែសំខាន់។
ការបែងចែកទឹកគួរតែធានាដល់តុល្យភាពរវាងតម្រូវការប្រើប្រាស់តាមគ្រួសារ វិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពលអគ្គិសនី និងការការពារបរិស្ថាន ដោយមិនត្រូវគិតតែលើការបង្កើនបរិមាណផ្គត់ផ្គង់ទឹកប៉ុណ្ណោះទេ។
ចំណែកប្រធានសមាគមទំនប់ទឹកធំៗ និងការអភិវឌ្ឍធនធានទឹកវៀតណាម បានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការកែលម្អប្រតិបត្តិការគ្រប់គ្រងអាងស្តុកទឹក និងធានាដល់ការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព។
ទោះជាយ៉ាងណា វៀតណាមមានអាងស្តុកទឹកត្រឹមតែប្រមាណ១៧ភាគរយប៉ុណ្ណោះ ដែលមានបំពាក់ដោយប្រព័ន្ធតាមដានឧតុនិយម និងជលសាស្ត្រដោយស្វ័យប្រវត្តិ។ ចំណែកទិន្នន័យគ្រប់គ្រងទឹកវិញ នៅតែបែកខ្ញែកតាមវិស័យផ្សេងៗ ស្របពេលការសម្របសម្រួលរវាងអាងស្តុកទឹកសម្រាប់វារីអគ្គិសនី និងអាងស្តុកទឹកសម្រាប់កសិកម្ម ក្នុងអាងទន្លេតែមួយ នៅមិនទាន់ឯកភាពគ្នានៅឡើយ។
ចំណុចខ្វះខាតទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការព្យាករ និងការសម្រេចចិត្ត ជាពិសេសនៅពេលអាងស្តុកទឹកត្រូវបំពេញមុខងារច្រើនក្នុងពេលតែមួយ ដូចជា ការផ្គត់ផ្គង់ទឹក ការស្រោចស្រពដំណាំ ការផលិតថាមពលអគ្គិសនី ការគ្រប់គ្រងទឹកជំនន់ និងការការពារបរិស្ថាន៕ (ផាន់ អាណា)







