ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងផ្តល់ហិរញ្ញប្បទានប្រមាណ៣៤លានដុល្លារ ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមាន់ ស្របពេលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង នៅតាមទីផ្សារ។
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានពីប្រាក់ចំណូលនៃការលក់កាកសំណល់សណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ក្នុងបរិមាណជិត៤០ ០០០តោន សម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសហ្វីលីពីន។
គម្រោងនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់កសិករដាំដំឡូងឈាមមាន់ នៅហ្វីលីពីនចំនួន១២ ៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ប្រទេសហ្វីលីពីនកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់ដំឡូងឈាមមាន់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារសមត្ថភាពផលិតកម្មនៅមានកម្រិត។
ដើម្បីការពារប្រភពពូជដំឡូងឈាមមាន់ ដែលនៅមានចំនួនតិចជាងពីប្រទេសជាដៃគូប្រកួតប្រជែង ដូចជា វៀតណាម និងចិន រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ទៅក្រៅប្រទេស ព្រោះខ្លាចគេយកទៅធ្វើពូជដាំបន្ត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មដំឡូងឈាមមាន់ក្នុងស្រុក និងប្រែក្លាយដំណាំនេះឱ្យទៅជាប្រភពចំណូលពីការនាំចេញកាន់តែធំមួយសម្រាប់សេដកិច្ចហ្វីលីពីន។
ស្ថានទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមានើនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន៕ (ផាន់ អាណា)







