ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។
ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។
យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។
ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។
ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី (Maggi) របស់ក្រុមហ៊ុនណេស្លេ និងភេសជ្ជៈរបស់ក្រុមហ៊ុន កូកាកូឡា។ ដូច្នេះ វាបានធ្វើក្រុមហ៊ុនផលិតម្ហូបអាហារល្បីៗ ដណ្តើមបានទីផ្សារក្នុងប្រទេសឥណ្ឌា ហើយមិនខ្វល់អនុវត្តតាមស្តង់ដាម្ហូបរអាហារ ដូចនៅតាមបណ្តាប្រទេសផ្សេងទៀតឡើយ។
ចំណែកឧស្សាហកម្មអាហារ អាជ្ញាធរសុវត្ថិភាព និងស្តង់ដារម្ហូបអាហាររបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនអាចដាក់ឱ្យប្រើស្លាកព្រមានពណ៌ក្រហមឱ្យបានតឹងរ៉ឹងជាងមុន លើអាហារណាមានបន្ថែមជាតិស្ករ អំបិល ឬខ្លាញ់ លើសពីកម្រិតរដ្ឋាភិបាលកំណត់។
បរិមាណជាតិស្ករខ្ពស់ គឺជាគ្រោះថ្នាក់សម្រាប់ប្រទេសឥណ្ឌា ដែលមានចំនួនអ្នកកើតជំងឺទឹកនោមផ្អែមប្រហែលមួយភាគបួន នៃចំនួនអ្នកជំងឺទឹកនោមផ្អែមទូទាំងពិភពលោក។ អ្នកជំនាញសុខាភិបាលបានចាត់ទុកអាហារជាមូលហេតុរួមចំណែកបង្កើតជំងឺទឹកនោមផ្អែមរបស់ប្រជាជនឥណ្ឌា៕ (ផាន់ អាណា)










