តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។
គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។
រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។
គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។
រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។
កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។
មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី នៅទូទាំងសហរដ្ឋអាម៉េរិក៕ (ផាន់ អាណា)






