ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
លិខិតនេះបានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។
ទាក់ទិននឹងងបញ្ហានេះ កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។
ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។
សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។
សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់នេះ៕






