សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងវិនិយោគទឹកប្រាក់ចំនួន១០៨ លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យស្បៀងអាហារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការពង្រឹងភាពធន់នឹងហានិភ័យ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងពិភពលោក។
តាមរយៈទឹកប្រាក់នេះ ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី នឹងគាំទ្រការស្រាវជ្រាវកែលម្អសមត្ថភាពព្យាករហានិភ័យទាំងនេះ ដោយប្រើប្រាស់ទិន្នន័យ និងគំរូវិភាគ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ពន្យារអាយុកាល
ការស្រាវជ្រាវផ្តោតលើវិស័យសំខាន់ៗចំនួន៤ រួមមាន វារីវប្បកម្ម កសិកម្ម ស្បៀងអាហារនាពេលអនាគត និងសុវត្ថិភាពចំណីអាហារ។
រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានសិង្ហបុរី លោកស្រី ហ្គ្រេស ហ្វូ (Grace Fu) បានថ្លែងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា ស្របពេលការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើផលិតកម្មស្បៀងអាហារ ប្រទេសសិង្ហបុរីត្រូវធានាថា វិស័យកសិកម្មមិនត្រឹមតែមានផលិតភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននិរន្តរភាព និងភាពធន់ក្នុងរយៈពេលវែងផងដែរ។
បច្ចុប្បន្ន ប្រទេសសិង្ហបុរីនាំចូលស្បៀងអាហារជាង៩០ភាគរយ នៃតម្រូវការរបស់ខ្លួន។
ដោយយោងទៅលើយុទ្ធសាស្ត្រសន្តិសុខស្បៀងអាហាររបស់សិង្ហបុរី លោកស្រីរដ្ឋមន្ត្រីបានពន្យល់ថា យុទ្ធសាស្ត្រនេះផ្តល់នូវក្របខ័ណ្ឌសម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធស្បៀងអាហារជាតិ។
យុទ្ធសាស្ត្រនេះមានសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន ធ្វើពិពិធកម្មប្រភពនាំចូលស្បៀងអាហារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសផ្គត់ផ្គង់តែមួយ។ សហការជាមួយដៃគូអន្តរជាតិ ដែលមានទស្សនៈស្របគ្នា ដើម្បីធានាឱ្យមានពាណិជ្ជកម្មស្បៀងអាហារប្រកបដោយស្ថិរភាព។ បង្កើនការស្តុកទុកស្បៀងអាហារបម្រុង និងការផលិតស្បៀងអាហារក្នុងស្រុក។ អភិវឌ្ឍសមត្ថភាព ដើម្បីទប់ទល់នឹងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។
លោកស្រីបានបញ្ជាក់ថា សម្រាប់ប្រទេសតូចមួយ ដូចសិង្ហបុរី ដែលមានធនធានធម្មជាតិតិចតួជ នវានុវត្តន៍គឺជាកត្តាចាំបាច់សម្រាប់ជម្នះឧបសគ្គ និងពង្រឹងភាពធន់ ព្រមទាំងសមត្ថភាពប្រកួតប្រជែងនៃវិស័យកសិកម្ម និងស្បៀងអាហារ។
ក្នុងវិស័យវារីវប្បកម្ម ការស្រាវជ្រាវនឹងផ្តោតលើការបង្កាត់ពូជកូនត្រី ដែលមានគុណភាពល្អ និងសមតាមលក្ខខណ្ឌអាកាសធាតុក្នុងស្រុក ការកែលម្អចំណីត្រី និងសុខភាពត្រី ព្រមទាំងការអភិវឌ្ឍប្រព័ន្ធចិញ្ចឹម ដើម្បីបង្កើនផលិតភាពនៅតាមកសិដ្ឋានក្នុងស្រុក។
សម្រាប់វិស័យកសិកម្ម អ្នកវិទ្យាសាស្ត្រនឹងអភិវឌ្ឍពូជដំណាំ ដែលសមស្របនឹងលក្ខខណ្ឌអាកាសធាតុ និងបច្ចេកវិទ្យាធ្វើកសិកម្មច្បាស់លាស់ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយការប្រើប្រាស់ថាមពល។
ចំពោះវិស័យអាហារនាពេលអនាគត ការស្រាវជ្រាវនឹងពង្រឹងសមត្ថភាពផ្នែកវិស្វកម្មជីវសាស្ត្រ ដំណើរការកែច្នៃជីវសាស្ត្រ វិទ្យាសាស្ត្រអាហារូបត្ថម្ភ និងវិទ្យាសាស្ត្រសិក្សាអំពីរសជាតិ និងក្លិន ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម ធ្វើឱ្យអាហារមានតម្លៃសមរម្យ និងកែលម្អគុណភាពអាហារូបត្ថម្ភ។
ចំណែកវិស័យសុវត្ថិភាពចំណីអាហារ ការស្រាវជ្រាវនឹងផ្តោតលើការពង្រឹងសមត្ថភាពរបស់សិង្ហបុរី ក្នុងការកំណត់អត្តសញ្ញាណ និងវាយតម្លៃគ្រោះថ្នាក់ថ្មីៗ ដែលអាចកើតមានក្នុងចំណីអាហារ ព្រមទាំងអភិវឌ្ឍវិធីសាស្ត្រវាយតម្លៃហានិភ័យ ដើម្បីការពារសុខភាពសាធារណៈ៕ (ផាន់ អាណា)






