បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។
លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, ជម្លៀសអ្នកប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ, ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
សូមរម្លឹកថា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានប៉ះពាល់១៤ក្រុង,ស្រុក ស្មើនឹង៨៨ឃុំសង្កាត់ ដែលបណ្តាលឱ្យខូចខាត និងប៉ះពាល់ដំណាំស្រូវសរុបជាង១២ម៉ឺន ហិកតា និងគ្រួសាររងគ្រោះសរុបជាង៥៨ ០០០ គ្រួសារ៕










