សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។
ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។
សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។
កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។
តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។
តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។
សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ ស្របពេលរដ្ឋាភិបាលនឹងអនុវត្តវិធានការរក្សាស្ថិរភាពផ្គត់ផ្គង់ និងតម្រូវការតាមទីផ្សារ ដូចជាការកែសម្រួលផ្ទៃដីដាំដុះ និងបរិមាណផលិតកម្ម។
ចំណែកអ្នកមានសិទ្ធិទទួលការគាំទ្រពីរដ្ឋាភិបាល រួមមានកសិករ និងសាជីវកម្មកសិកម្ម ដែលដាំដុះដំណាំប្រភេទដូចគ្នា នៅលើផ្ទៃដីចាប់ពី១ ០០០ ម៉ែត្រការ៉េឡើងទៅ និងបានចុះបញ្ជីជាសហគ្រាសគ្រប់គ្រងកសិកម្ម ឬបានដាក់របាយការណ៍អំពីការធ្វើកសិកម្មរួចរាល់ហើយ៕ (ផាន់ អាណា)










