ដោយ ហៃ ស៊ីណា
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល
ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។
លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។
ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានចុះពិនិត្យមើលដំណើរការរបស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត មួយកន្លែងស្ថុិតនៅ ឃុំក្តុល ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងដែរ៕












