ដោយ ហៃ ស៊ីណា
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។
កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោនបដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ ព្រមទាំងទុនបង្វិលធ្វើឲ្យឈ្នួញកណ្តាលទម្លាក់តម្លៃស្រូវកសិករ។
លើសពីនេះ ឯកឧត្តមបណ្ឌិតបានរំលឹកទៀតថា ដើម្បីរក្សាការនាំចេញ១លានតោនប្រចាំឆ្នាំ ឬលើសពីនេះ ខាង ធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកហិរញ្ញប្បទាន ដូច្នោះសូមរោងម៉ាស៊ីនបន្តបង្កើនសកម្មភាពប្រមូលទិញស្រូវ និងពង្រឹងកិច្ចសហការគ្នាធ្វើយ៉ាងណា ដើម្បីសម្រេចឲ្យបានជោគជ័យនូវផែនការនាំចេញអង្ករកម្ពុជាចំនួន១លានតោន សម្រាប់ឆ្នាំ២០២៦នេះ។
ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់អំពីការត្រៀមកញ្ចប់ថវិកាគាំទ្រប្រកាសជាផ្លូវការអំពីការត្រៀមបម្រុងកញ្ចប់ឥណទានទុនបង្វិលរហូតដល់២០០លានដុល្លារ ពីធនាគារ ARDB សម្រាប់រដូវកាលប្រមូលផលនេះ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវស្តុកទុកទាន់ពេលវេលា និងរក្សាលំនឹងតម្លៃលើទីផ្សារ។
ជុំវិញព័ត៌មានអំពីការប្រែប្រួលទីផ្សារអង្ករនៅប្រទេសហ្វីលីពីន ដែលមានការបញ្ជាទិញអង្ករពីវៀតណាមច្រើននោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ប្រាប់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងខេត្តជាប់បឹងទន្លេសាបឲ្យពិនិត្យមើលទីផ្សារវៀតណាម ព្រោះចុងក្រោយនេះ កំពុងត្រូវការអង្ករប្រណីតច្រើន ដើម្បីនាំចេញ ក្នុងនោះរោងម៉ាស៊ីនក្នុងស្រុកយើងអាចគិតគូរប្រមូលទិញស្រូវនៅតាមជាប់ព្រំដែនកម្ពុជា-វៀតណាមបន្ថែមទៀត ដើម្បីបង្កើនការស្តុកទុក និងនាំចេញក្នុងបរិមាណកាន់តែច្រើនថែមទៀត។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានប្រាប់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ត្រូវខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពោលគឺដើម្បីជាកម្លាំងដ៏រឹងមាំចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃស្រូវអង្ករកម្ពុជាយើង ព្រមទាំងការពារផលប្រយោជន៍កសិករឲ្យតម្លៃស្រូវរបស់កសិករមានចីរភាព និងមានតម្លៃបន្ថែមខ្ពស់៕













