ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានហាមឃាត់ការនាំចូលសាច់ជ្រូកមួយចំនួន បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ការនាំចូលជាបន្តបន្ទាប់កំពុងបង្កការខូចខាតដល់ឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងប្រទេស។
យោងតាមបទបញ្ជា ក្រសួងបានដាក់កំហិតលើបរិមាណនាំចូលសាច់ជ្រូកចំនួន ៩ ប្រភេទ ក្នុងរយៈពេល៦០ថ្ងៃ ជាវិធានការការពារបណ្តោះអាសន្ន។
ផលិតផលដែលស្ថិតក្រោមការហាមឃាត់ រួមមាន ជ្រូកទាំងមូល និងពាក់កណ្តាល សាច់ជ្រូកស្រស់ ត្រជាក់ និងបង្កក។ សាច់ភ្លៅ សាច់ស្មា និងសាច់ជ្រូកជាឆ្ងឹងកាត់ជាដុំៗ។ គ្រឿងក្នុងជ្រូក និងថ្លើមជ្រូក ទាំងស្រស់ ត្រជាក់ និងបង្កក។
ក្រសួងកសិកម្មបានឱ្យដឹងថា ភស្តុតាងជាបឋមបង្ហាញថា ការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលសាច់ជ្រូក គឺជាមូលហេតុចម្បងមួយ ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។ ក្រសួងក៏បានព្រមានថា ប្រសិនបើពន្យារពេលមិនព្រមចាត់វិធានការ វាអាចបណ្តាលឱ្យឧស្សាហកម្មចិញ្ចឹមជ្រូកអាចរងការខូចខាតមិនអាចស្តារឡើងវិញបាន។
ក្រសួងកសិកម្មបានបញ្ជាក់ថា ការកើនឡើងនៃការនាំចូលសបានធ្វើវត្តមានសាច់ជ្រូកនៅតាមទីផ្សារកើនឡើងយ៉ាងខ្លាំង ខណៈអត្រាផលិតគ្រប់គ្រាន់ដោយខ្លួនឯងរបស់ប្រទេសហ្វីលីពីនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលស៊ើបអង្កេត ដែលបានធ្វើឱ្យផលិតកម្មក្នុងស្រុកឱ្យថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
វិធានការនេះត្រូវបានដាក់ចេញបន្ទាប់ពីក្រសួងកសិកម្មហ្វីលីពីន បានស៊ើបអង្កេតលើវិធានការការពារឧស្សាហកម្មក្នុងស្រុក សម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ការស៊ើបអង្កេតបានរកឃើញថា ការនាំចូលសាច់ជ្រូកបានកើនឡើងដល់បិរមាណជាង៨៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥ បើធៀបនឹងបរិមាណជិត៦០ម៉ឺនតោន ក្នុងឆ្នាំ២០២៣។ សាច់ជ្រូកនាំចូលបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំជាងសាច់ជ្រូកក្នុងស្រុក។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ការនាំចូលលើសកម្រិត និងការប្រមូលស្តុកសាច់ជ្រូកបង្កកកាន់តែច្រើន បានធ្វើឱ្យតម្លៃជ្រូករស់នៅតាមកសិដ្ឋានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងឆ្នាំ២០២៦៕ (ផាន់ អាណា)







