ហូជីមិញ៖ អាជ្ញាធរខេត្តដុងថាប់ ភាគខាងត្បូងវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល ខេត្តព្រៃវែង គ្រោងរៀបចំពិធីជួបជុំអ្នកចិញ្ចឹមត្រីប្រា និងអបអរសាទរមុខរបរចិញ្ចឹមត្រីប្រារបស់វៀតណាម ដើម្បីលើកកម្ពស់ឧស្សហកម្មចិញ្ចឹមត្រីរបស់ប្រទេវៀតណាម។
ពិធីនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងទីប្រជុំជនខេត្តដុងថាប់ រៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន ព្រមទាំងអាជ្ញាធរមកពីតំបន់ផ្សេងទៀត ដែលមានការចិញ្ចឹមត្រីប្រាច្រើន រួមមាន ខេត្តអានយ៉ាង ទីក្រុងកាន់ថឺ និងខេត្តវិញឡុង ព្រមទាំងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសផលិត សហកគមន៍កសិកម្ម អ្នកចិញ្ចឹមវារីសត្វ អ្នកផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្ម រោងចក្រកែច្នៃ និងអ្នកចែកចាយផលិតផលទាំងក្នុងប្រទេសវៀតណាម និងមកពីក្រៅប្រទេសផងដែរ។
ពិធីបុណ្យនេះនឹងរៀបចំឡើងក្រោមប្រធានបទ ពីទន្លេមេគង្គទៅដល់តុបាយជុំវិញពិភពលោក ក្នុងគោលបំណងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃឧស្សាហកម្មចិញ្ចឹមត្រីប្រា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពផលិតកម្ម ប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។
ខេត្តដុងថាប ក៏មានបំណងធ្វើឱ្យព្រឹត្តិការណ៍នេះជួយជំរុញការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងសមធម៌សង្គម និងកាត់បន្ថយហានិភ័យបរិស្ថាន ព្រមទាំងសម្ពាធលើធនធានប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសវៀតណាម។
ពិធីបុណ្យនេះនឹងផ្តល់ឱកាសសម្រាប់បង្ហាញពីសក្តានុពល និងចំណុចខ្លាំងនៃឧស្សាហកម្មចិញ្ចឹមត្រីប្រាក្នុងតំបន់ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងតួអង្គនានានៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់ពីការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយ។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជួយឱ្យអ្នកចិញ្ចឹមត្រូវយល់ដឹងពីលក្ខខណ្ឌនាំចូល ដែលកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ខេត្តដុងថាប គឺជាខេត្តឈានមុខគេរបស់វៀតណាមទាំងផ្នែកផ្ទៃដីចិញ្ចឹមត្រីប្រា និងសមត្ថភាពកែច្នៃសម្រាប់ការនាំចេញ។ ខេត្តនេះមានរោងចក្រកែច្នៃផលិតផលជលផលចំនួន៨០ ដែលបម្រើទីផ្សារនាំចេញ និងមានសមត្ថភាពផលិតត្រីប្រាសរុបជិត១លានតោន ក្នុងមួយឆ្នាំ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺឧស្សាហកម្មត្រីប្រារបស់ខេត្តនេះ ដំណើរការតាមរយៈខ្សែច្រវាក់ផ្គត់ផ្គង់រួមបញ្ចូលគ្នា ដែលគ្របដណ្តប់លើការចិញ្ចឹម ការកែច្នៃ និងការចែកចាយ។ ប្រព័ន្ធនេះជាមូលដ្ឋានគ្រឹះសម្រាប់បង្កើនតម្លៃផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខេត្តនៅលើទីផ្សារអន្តរជាតិ៕ (ផាន់ អាណា)






