ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រោងម៉ាស៊ីនជាសមាជិករបស់ខ្លួនចំនួន ១៤០ក្រុមហ៊ុន កំពុងសម្រុកទិញស្រូវផ្ការំដួលរបស់កសិករនៅទូទាំងប្រទេស ក្នុងតម្លៃចន្លោះពី១ ០១០ រៀល ដល់១ ១៩០រៀល ទៅតាមខេត្ត និងតំបន់ ។
សហព័ន្ធបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រោងម៉ាស៊ីនកិនស្រូវទាំង ១៤០ ចាប់ផ្តើមទិញស្រូវផ្ការំដួលពីប្រជាកសិករនៅទូទាំងប្រទេស ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា រោងម៉ាស៊ីនទាំង១៤០នោះ គឺមានទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ រោងម៉ាស៊ីនជាសមាជិកទាំងអស់នោះ កំពុងទិញស្រូវពីកសិករក្នុងតម្លៃល្អលើទីផ្សារ ហើយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលជំរុញឱ្យរក្សាស្ថេរភាពតម្លៃផងដែរ។
ចំណែកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូ រ៉ាយស៍ មានប្រសាសន៍ថា ក្រុមហ៊ុនគ្រោងទិញស្រូវតាមកិច្ចសន្យាចំនួន៤៥ ០០០តោន នៅខេត្តចំនួន១៦ ដែលភាគច្រើននៅខេត្តព្រះវិហារ ហើយរហូតមកដល់ពេលនេះប្រមូលទិញស្រូវបានជិត១ម៉ឺនតោនហើយ។
ឧកញ៉ាបានលើកឡើងទៀតថា សន្ទុះនៃការច្រូតកាត់របស់ប្រជាកសិករនៅសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នឹងថមថយវិញ ប៉ុន្តែក្រុមហ៊ុនបន្តសម្រុកប្រមូលទិញ និងគាំទ្រទីផ្សារដល់កសិករក្នុងតំបន់គោលដៅ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម នៅលើផ្ទៃដីជាង២ម៉ឺនហិកតា ក្នុងនោះមានកសិករជិត២ម៉ឺនគ្រួសារ ដែលបានដាំដុះនារដូវវស្សាកន្លងមក។
បន្ថែមពីនេះក្រុមហ៊ុន អេមរូ រ៉ាយស៍ ក៏មានសកម្មភាពប្រមូលទិញស្រូវសរីរាង្គ និងដឹកជញ្ជូនស្រូវសរីរាង្គពីសហគមន៍កសិករតាមកិច្ចសន្យាកសិកម្ម មកកាន់រោងម៉ាស៊ីន អេមរូ រ៉ាយស៍ សាខាខេត្តកំពង់ធំផងដែរ ។
តាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា តម្លៃស្រូវសើមនៅតាមស្រុកនៃខេត្តមួយចំនួនគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គឺមានចន្លោះពី១ ០១០រៀល ដល់១ ១៩០រៀល ទៅតាមតំបន់ និងខេត្ត៕







