ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។
យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។
សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។
គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។
មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។
យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។
គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។
ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ ដែលផលិតដោយប្រើបច្ចេកទេសកែច្នៃ មានសារធាតុបន្ថែម និងគ្រឿងផ្សំបែបឧស្សាហកម្ម ហើយមានសមាសធាតុចំណីអាហារធបែបម្មជាតិតិចតួច ដូចជាភេសជ្ជៈមានជាតិហ្គាស និងមីកញ្ចប់ជាដើម។
អ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារជាច្រើន បានយល់ថា ចំណីអាហារកែច្នៃជ្រុលអាចបង្កហានិភ័យដល់សុខភាពជាច្រើនប្រភេទ។ ទោះជាយ៉ាងណា អ្នកជំនាញផ្សេងទៀត និងឧស្សាហកម្មចំណីអាហារយល់ថា ការកំណត់និយមន័យប្រភេទចំណីអាហារនេះមានវិសាលភាពទូលំទូលាយពេក ដែលអាចនាំឱ្យផលិតផលដែលមានសុខភាពល្អមួយចំនួនត្រូវបានចាត់ទុកក្នុងន័យអាក្រក់ទៅវិញ។
សម្ព័ន្ធអន្តរជាតិសម្រាប់ចំណីអាហារ និងភេសជ្ជៈ ដែលជាអង្គការតំណាងឱ្យក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈពហុជាតិសាសន៍ធំៗ បានបង្ហាញការព្រួយបារម្ភថា វិធីសាស្ត្រ ដែលបានស្នើឡើងដោយអង្គការសុខភាពពិភពលោកនេះ អាចធ្វើមនុស្សច្រឡំចំពោះគុណភាពអាហារូបត្ថម្ភ និងអាចធ្វើឱ្យផលិតផលចំណីអាហារកាន់តែច្រើនប្រភេទ ត្រូវស្ថិតក្រោមវិធានការគ្រប់គ្រងដោយច្បាប់៕ (ផាន់ អាណា)







