ដោយ ឡុង សារេត
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ២០២៦ បានចាប់ផ្តើមប្រមូលផលផ្លែមៀនប៉ៃលិនលើកដំបូង ចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន៩០តោន ផ្គត់ផ្គង់ទៅក្រុមហ៊ុនចំនួន៤សម្រាប់កែច្នៃ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន។
អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹងថា សមាជិករបស់សហគមន៍បានប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុនចំនួន៤ ក្នុងនោះមានក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃចន្លោះពី២ ៨០០ ទៅ៣ ៥០០រៀល ក្នុងមួយគីឡូក្រាម។
អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ២០២៦ ហើយរហូតមកដល់សព្វថ្ងៃនេះមានសមាជិកប្រមាណ៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន៣ ០០០ហិកតា ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំដំបូងនេះ ហាក់មានភាពយឺតយាវដោយសារបញ្ហាដើមទុន ។
ទាក់ទងនិងដើមទុនសម្រាប់ផលិតមៀនប៉ៃលិន, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិកមាន៣ដំណាក់កាល។ ទី១ ចាប់ពីការថែទាំមៀនដំបូងរហូតដល់ចេញផ្កា, ទី២ចាប់ពីមៀនចេញផ្កា ក្តឹប និងតុបតែងផ្លែ និងទី៣ គិតចាប់ពីមៀនចេញក្តឹបរហូតដល់ប្រមូលផល ហើយនៅក្នុងការផ្តល់ទុនក្នុងមួយដំណាក់ៗ ក្នុងមួយហិកតា មានទឹកប្រាក់ជាង២លានរៀល៕







