ភ្នំពេញ៖ ក្រោយពីតំបន់ផលិតបន្លែនៅតាមបណ្តាខេត្តរងផលប៉ះពាល់ពីទឹកជំនន់ ដោយពុំទាន់អាចធ្វើការដាំដុះឬឆ្លើយតបបានគ្រាប់គ្រាន់ទៅលើទីផ្សារ ធ្វើឱ្យតម្លៃបន្លែលក់បានថ្លៃខ្ពស់នៅលើទីផ្សារ តួយ៉ាងបន្លែដាំនៅក្នុងផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំខេត្តបាត់ដំបង ថ្លៃពី៣០០០ទៅ៣៥០០រៀលក្នុងមួយគីឡូក្រាម។
សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ មានដាំបន្លែក្នុងផ្ទះសំណាញ់ចំនួន ៧៨ខ្នង ។
គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញារហូតដល់ដើមខែវិច្ឆិកាកន្លងមកនេះ សហគមន៍ប្រមូលផលបន្លែបានប្រមាណ ៩តោន ដោយក្នុងមួយគីឡូក្រាមលក់បានថ្លៃចន្លោះពី៣ ០០០ ទៅ៣ ៥០០រៀល។
កញ្ញា អន បូរី អនុប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំបានឱ្យដឹងថា នៅក្នុងស្រុកឯកភ្នំទាំងមូលកន្លងទៅជួបប្រទះនិងទឹកជំនន់ ហើយកាប្រមូលផលស្ពៃសក្រញាញ់ ស្ពៃតឿ បោះដុំលក់ទៅឈ្មួញបានតម្លៃ៣ ០០០ ទៅ៣ ៥០០រៀល។ ចំណែកស្ពៃឆៃស៊ីមលក់បានថ្លៃ២ ០០០ ទៅ២ ៨០០រៀលក្នុងមួយគីឡូក្រាម។ បច្ចុប្បន្នតម្លៃស្ពៃទាំងនេះនូវតែរក្សាបានថ្លៃខ្ពស់នៅលើទីផ្សារ។
កញ្ញា អន បូរី លើកឡើងថា ការផលិតបន្លែនៅក្នុងផ្ទះសំណាញ់ ដើមឡើយនៅស្រុកឯកភ្នំមានតែ៦ខ្នងប៉ុណ្ណោះនៅក្នុងភូមិ។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្នឃើញមានការផ្លាស់ប្តូរពីការដាំបន្លែនៅលើទីវាលមកដាំក្នុងផ្ទះសំណាញ់ច្រើន ដោយសារ អាចការពារពីការប្រែប្រួលអាកាសធាតុបាន។
ជាក់ស្តែងចាប់តាំងពីសហគមន៍បានចងក្រងជាក្រុមផលិតមក បន្លែនៅក្នុងផ្ទះសំណាញ់ទទួលបានទិន្នផលល្អ ចំណាយដើមទុនតិច មិនដូចជាងការដាំបន្លែនៅលើទីវាល រងផលប៉ះពាល់ច្រើន ពីកត្តាសត្វល្អិត កត្តាអាកាសធាតុ៕






