ហាណូយ៖ ប្រទេសជប៉ុនកំពុងឈានទៅរកការបើកទីផ្សារទទួលផលិតផលកសិកម្មវៀតណាមបន្ថែមទៀត ដោយផ្លែក្រូចថ្លុងជាផលិតផលអាទិភាពមួយ ខណៈប្រទេសទាំងពីរខិតខំពង្រីកពាណិជ្ជកម្មផលិតផលកសិកម្មទៅវិញទៅមក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក ជិញ វៀត ហ៊ុង (Trinh Viet Hung) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន លោក តាកេបេ អារ៉ាតា (Takebe Arata) បានពិភាក្សាអំពីផែនការទាំងនេះ ក្នុងជំនួបពិភាក្សានៅប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីជប៉ុម បានអំពាវនាវឱ្យពន្លឿននីតិវិធីបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម រួមមាន ផ្លែក្រូចថ្លុង ទំពាំងបាយជូរ ផ្លែប៉ែស និងផ្លែផាសិន ព្រមទាំងត្រីកំពត សាច់ជ្រូក សាច់គោ និងសាច់មាន់។
ប្រទេសជប៉ុនក៏បានស្នើឱ្យវៀតណាមកាត់បន្ថយរយៈពេលពិនិត្យពាក្យស្នើសុំរបស់ក្រុមហ៊ុននាំចេញផលិតផលជលផលជប៉ុន ដែលមានបំណងចូលទៅកាន់ទីផ្សារវៀតណាមផងដែរ។
រដ្ឋមន្ត្រីវៀតណាមបានឯកភាពលើសំណើរបស់ជប៉ុនពាក់ព័ន្ធនឹងត្រីកំពត និងផលិតផលសាច់ ដោយផ្អែកលើគោលការណ៍ទៅវិញទៅមក និងពិនិត្យតាមប្រភេទផលិតផលនីមួយៗ។
ប្រទេសទាំងពីរនឹងប្រឹងប្រែងបញ្ចប់នីតិវិធីបើកទីផ្សារសម្រាប់ផ្លែក្រូចថ្លុងវៀតណាម និងទំពាំងបាយជូរជប៉ុន ដោយមានគោលដៅនាំយកផលិតផលទាំងនេះទៅកាន់ទីផ្សាររបស់ប្រទេសទាំងពីរ ក្នុងរដូវប្រមូលផលឆ្នាំ២០២៧។
បន្ទាប់មក ភាគីទាំងពីរនឹងបន្តប្រឹងប្រែងបើកទីផ្សារសម្រាប់ផ្លែផាសិនវៀតណាម ផ្លែប៉ែសជប៉ុន ចំណីសត្វ លោក ជិញ វៀត ហ៊ុង ក៏បានសន្យាពន្លឿនការពិនិត្យពាក្យស្នើសុំចុះបញ្ជីពីក្រុមហ៊ុននាំចេញផលិតផលជលផលជប៉ុន ព្រមទាំងអំពាវនាវឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសម្របសម្រួលផ្នែកបច្ចេកទេសឱ្យកាន់តែជិតស្និទ្ធ។
ក្រៅពីការបើកទីផ្សារ រដ្ឋមន្ត្រីវៀតណាមរូបនេះបានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្រោមចក្ខុវិស័យរយៈពេលមធ្យម និងរយៈវែង ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មវៀតណាម-ជប៉ុន សម្រាប់ឆ្នាំ២០២៥-២០៣០ ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ២០២៥។
លោកបានជំរុញឱ្យប្រទេសជប៉ុនគាំទ្រវៀតណាមក្នុងការអភិវឌ្ឍកសិកម្មបៃតង និងកសិកម្មវិលជុំ កាត់បន្ថយការបំភាយឧស្ម័ន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកសិកម្មឆ្លាតវៃ។
លោកក៏បានលើកទឹកចិត្តឱ្យធុរកិច្ចជប៉ុនដាក់ទុនវិនិយោគក្នុងផលិតកម្មកសិកម្ម ផ្ទេរបច្ចេកវិទ្យា និងចូលរួមអភិវឌ្ឍខ្សែច្រវាក់តម្លៃប្រកបដោយចីរភាពនៅប្រទេសវៀតណាម ជាពិសេសលើវិស័យពូជដំណាំ បច្ចេកវិទ្យាក្រោយពេលប្រមូលផល និងការកែច្នៃចំណីអាហារ។
ក្នុងក្របខ័ណ្ឌពហុភាគី វៀតណាមបានអញ្ជើញប្រទេសជប៉ុនឱ្យចូលរួមជាដៃគូស្ថាបនិករួមនៃភាពជាដៃគូ ស្តីពីការផ្លាស់ប្តូរខ្សែច្រវាក់តម្លៃក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងជលផល ប្រកបដោយការឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុ និងការទទួលខុសត្រូវ ក្នុងគោលបំណងជំរុញខ្សែច្រវាក់តម្លៃកសិចំណីអាហារប្រកបដោយចីរភាព តាមរយៈបច្ចេកវិទ្យា និងនវានុវត្តន៍៕ (ផាន់ អាណា)






