ដោយ រស្មី
ភ្នំពេញ៖ ក្រោយតម្លៃកង្កែបបានធ្លាក់ចុះខ្លាំងដែលធ្វើឱ្យអ្នកចិញ្ចឹមប្រឈមជាមួយការចិញ្ចឹមខាតដើម នៅពេលនេះតម្លៃកង្កែបបានងើបឡើងវិញដោយក្នុងនោះអ្នកចិញ្ចឹមកង្កែបអាចរកប្រាក់ចំណេញ វិញបន្តបន្ទាប់។
តម្លៃកង្កែបក្នុងស្រុកបានងើបឡើងមកវិញ គឺពីជិត៧ ០០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម បន្ទាប់ពីបានដាំក្បាលចុះរហូតដល់៤ ៥០០រៀលកាលពីខែមេសា និងឧសភា ។ នេះបើយោងតាមការបញ្ជាក់ពីសមាគមវារីវប្បករនៅកម្ពុជា។
សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថាចាប់ពីចុងឆ្នាំ២០២៦នេះ តម្លៃកង្កែបសាច់អាចនឹងបន្តកើនថែមទៀត ដោយសារការផលិតកូនកង្កែបក្នុងរដូវនេះត្រូវការបច្ចេកទេសខ្ពស់។
ទោះបីយ៉ាងណា សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងដែរថាតម្លៃកង្កែបក្នុងស្រុក នៅតែរងឥទ្ធិពលពីកង្កែបនៅវៀតណាម ។
ជាមួយគ្នានេះសមាគមវារីវប្បករកម្ពុជាអំពាវនាវឱ្យបិទការលបលួចនាំកង្កែបពីប្រទេសជិតខាងទើបអ្នកចិញ្ចឹមអាចរកប្រាក់ចំណេញ ហើយការចិញ្ចឹមមានស្ថេរភាពសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ។
លោក ឡែមភូរ សុថាវរិទ្ធ ប្រធានសមាគមវារីវប្បករនៅកម្ពុជា បានបញ្ជាក់ប្រាប់កសិករ TVថា នាពេលនេះតម្លៃកង្កែបរស់ចិញ្ចឹមក្នុងស្រុកបានឡើងថ្លៃពីជិត៧ ០០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម គឺអ្នកចិញ្ចឹមអាចរកប្រាក់ចំណេញបានហើយ។ លោកបាននិយាយថា បើតម្លៃកង្កែបធ្លាក់ក្រោម៦ ៥០០រៀល នោះអ្នកចិញ្ចឹមនឹងប្រឈមខាតដើម។
លោកបានលើកឡើងដែរថាពេលនេះចំណីកង្កែបបានឡើងថ្លៃពី១៨ ទៅ២៥ភាគរយ ម្ល៉ោះហើយបើមានកង្កែបនាំចូលច្រើននោះធ្វើឱ្យតម្លៃកង្កែបធ្លាក់ចុះធ្វើឱ្យកសិករត្រូវប្រឈមខាតដើម។
ប្រធានសមាគមវារីវប្បករនៅកម្ពុជា បានប្រាប់ដែរថា កម្ពុជាត្រូវការសាច់កង្កែបជាមធ្យម ប្រមាណ២០តោនក្នុងមួយថ្ងៃ ប៉ុន្តែកម្ពុជាផ្គត់ផ្គង់បានត្រឹមតែ១០តោននៅឡើយទេ ហើយបើតម្លៃកង្កែបល្អប្រសើរ ពលរដ្ឋចិញ្ចឹមច្រើនចំនួនផ្គត់ផ្គង់នឹងមានច្រើនជាងនេះ៕







