ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំថវិកាជាង១៥លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ជួយអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ខណៈករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅក្នុងខេត្តចំនួន២៣ របស់ប្រទេសហ្វីលីពីន។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា សំណើមួយក្នុងចំណោមសំណើរសម្រាប់ឆ្នាំ២០២៧ គឺការបែងចែកថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់ជូនកសិករចិញ្ចឹមជ្រូកខ្នាតតូច។
លោកបានឱ្យដឹងទៀតថា កម្មវិធីចាក់វ៉ាក់សាំងដែលគ្រោងអនុវត្តនេះ នឹងផ្តល់អាទិភាពដល់អ្នកចិញ្ចឹមជ្រូកខ្នាតតូច និងអ្នកចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេសហ្វីលីពីន។
កាលពីខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យឧស្សាហកម្មសត្វ បានអនុម័តឱ្យដាក់លក់ជាលក្ខណៈពាណិជ្ជកម្មនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យវ៉ាក់សាំងដំបូងនេះ អាចរកទិញបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសហ្វីលីពីន។
ការអនុម័តនេះ ធ្វើឡើងស្ទើរតែ៧ឆ្នាំ បន្ទាប់ពីប្រទេសហ្វីលីពីនបានជួបការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូងក្នុងឆ្នាំ២០១៩។ ជំងឺនេះបានបង្កការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ះពាល់ដល់ទិន្នផលផលិតកម្មជ្រូកក្នុងស្រុក និងធ្វើឱ្យចំនួនជ្រូកនៅទូទាំងប្រទេសធ្លាក់ចុះមកនៅត្រឹមប្រមាណ៨លានក្បាល។
លោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សំណើសុំអនុម័តវ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រសួងកសិកម្ម គឺវ៉ាក់សាំង ឈ្មោះ ប្រូវ៉ាក់ (PROVAC) ដែលផលិតដោយក្រុមហ៊ុនមួយនៅប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ។ វ៉ាក់សាំងពីប្រទេសកូរ៉េខាងត្បូងនេះត្រូវបានរំពឹងថា នឹងអាចប្រើប្រាស់បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
កន្លងមក ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ សម្រាប់ស្ដារចំនួនជ្រូកឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េសជ្រូកអាហ្វ្រិក និងបង្កើនចំនួនជ្រូកក្នុងស្រុកឱ្យច្រើនមុនពេលជំងឺនេះផ្ទុះឡើង។
ទន្ទឹមនឹងនេះ វិធានការផ្សេងទៀតរួមមាន ការតាមដានជំងឺ ការពង្រឹងជីវសុវត្ថិភាព ការគ្រប់គ្រងចលនាសត្វ និងការនាំកូនជ្រូកចូល ដើម្បីចិញ្ចឹមឡើងវិញតាមតំបន់គោលដៅ។
គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ការិយាល័យឧស្សាហកម្មសត្វបានរាយការណ៍ថា នៅមានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅក្នុងខេត្តចំនួន២៣របស់ប្រទេសហ្វីលីពីន៕ (ផាន់ អាណា)







