ហូជីមិញ៖ នៅក្នុងខែតុលា ឆ្នាំ២០២៦នេះ ប្រជាជនវៀតណាមនៅតែបន្តពុលនំប៉័ងសាច់ប៉ាតេ ជាបន្តបន្ទាប់ ដែលដំបូងឡើយកើតឡើងនៅទីក្រងហូជីមិញ ឥឡូវហាងលក់នំប៉័ងដូចគ្នានេះ នៅបន្តឱ្យមនុស្សពុលទៀត។
អាជ្ញាធរវៀតណាម ក្នុងខេត្តខ្វាងង៉ាយ (Quang Ngai) ភាគកណ្តាលវៀតណាម បានរកឃើញថា ហាងលក់នាំប៉័ងសាច់ប៉ាតេ នៅក្នុងប្រទេសវៀតណាម បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ រួមមាន ការមិនបានគ្របអាហារឱ្យបានត្រឹមត្រូវ ដើម្បីការពារធូលី សត្វល្អិត និងសត្វចង្រៃផ្សេងៗ និងការលក់អាហារមានមេរោគបណ្ដាលឱ្យអ្នកបរិភោគពុល។
នៅក្នុងខែធ្នូ ឆ្នាំ២០២៥ មានករណីពុលអាហារ ដែលពាក់ព័ន្ធនឹងហាងលក់នំប៉័ងសាច់ប៉ាតេនេះ បានពុលមនុស្ស២០៣នាក់។ រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៦ មានមនុស្ស១៧៥នាក់ផ្សេងទៀត បានពុលនំប៉័ងសាច់ប៉ាតេដដែលនេះ។
ករណីពុលអាហារនេះបានចាប់ផ្ដើមផ្អើលជាថ្មីទៀត និងមានអាការៈដូចគ្នា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅពេលអតិថិជនចំនួន១៩នាក់ ក្នុងខេត្តក្វាងង៉ាយ បានទទួលទាននំប៉័ងសាច់ប៉ាតេរបស់ហាងនេះហើយ មានអាការឈឺពោះ រាគ ក្អួត និងក្តៅខ្លួន។
គិតចាប់តាំងពីចុងឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ មានមនុស្សសរុប៣៧៨នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពុលនំប័ងសាច់ប៉ាតេ។
លទ្ធផលធ្វើតេស្តរបស់មន្ទីរពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រ ក្នុងប្រទេសវៀតណាម បានរកឃើញថា សំណាកអាហារចំនួន១២មុខ ក្នុងចំណោម១៣សំណាក ដែលប្រមូលពីហាងទាំងនេះ មានផ្ទុកបាក់តេរីឈ្មោះ សាល់ម៉ូណេឡា (Salmonella)។ ចំណែកសំណាកមួយចំនួនទៀត ក៏មានផ្ទុកបាក់តេរីឈ្មោះ អេកូលី (E. coli) ផងដែរ។
ទន្ទឹមនឹងនេះដែរ អាជ្ញាធរសុខាភិបាលខេត្តក្វាងង៉ាយ បានរាយការណ៍ថា មានមនុស្ស១២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយទទួលទាននំប៉័ងសាច់ប៉ាតេ ដូចគ្នានេះដែរ។
ការស៊ើបអង្កេតបឋមបានរកឃើញថា ហាងទាំងបីនេះ ទោះបីជាស្ថិតនៅទីតាំងផ្សេងៗគ្នាក៏ដោយ ក៏ទទួលបានទឹកជ្រលក់ និងប៊ឺ ពីអ្នកផ្គត់ផ្គង់តែមួយ៕ (ផាន់ អាណា)







