គូឡាឡាំពួរ៖ ដោយសារប្រទេសម៉ាឡេស៊ីនាំចូលចំណីអាហារមានតម្លៃប្រមាណ ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ វិស័យផលិតកម្មក្នុងស្រុកនៅមានឱកាសពង្រីកតួនាទីរបស់ខ្លួនឱ្យកាន់តែធំក្នុងការធានាសន្តិសុខស្បៀង ជាពិសេសក្នុងវិស័យបសុបក្សី និងផលិតផលចំណីអាហារកែច្នៃ។
ក្រុមហ៊ុនម៉ាឡេស៊ីមួយ ដែលសកម្មក្នុងវិស័យបសុបក្សីរួចហើយ កំពុងមានគម្រោងបង្កើនសមត្ថភាពកែច្នៃផលិតផលបសុបក្សីរបស់ខ្លួន និងពង្រីកទៅកាន់ផ្នែកផលិតផលចំណីអាហារថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងការផ្គត់ផ្គង់ចំណីអាហារក្នុងស្រុករបស់ម៉ាឡេស៊ី និងអភិវឌ្ឍអាជីវកម្មចំណីអាហារក្នុងតំបន់ឱ្យមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។
អនុប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន បានមានប្រសាសន៍ថា ក្រុមហ៊ុនមានផែនការជាច្រើន រួមមានការបង្កើតកសិដ្ឋានចិញ្ចឹមបសុបក្សី បង្កើនស្តុកគ្រាប់ធញ្ញជាតិ ពង្រីករោងចក្រកែច្នៃចំណីអាហារ និងវិនិយោគលើការចិញ្ចឹមបង្គា។
លោកបានមានប្រសាសន៍ថា ការប្រើប្រាស់សាច់បសុបក្សីជាមធ្យមក្នុងមនុស្សម្នាក់នៅម៉ាឡេស៊ីមានចំនួន៥ គីឡូក្រាម ក្នុងមួយឆ្នាំ។ ចំណែកក្នុងវិស័យជលផល ការប្រើប្រាស់ផលិតផលជលផលជាមធ្យមក្នុងមនុស្សម្នាក់មានចំនួន៥១គីឡូក្រាម។
លោកបានពន្យល់ថា ក្នុងផ្នែកផលិតកម្មបសុបក្សី ក្រុមហ៊ុនអាចប្រមូលយកផលិតផលបន្ទាប់បន្សំប្រមាណ៣០ភាគរយ មកប្រើប្រាស់ឡើងវិញ ដូចជា ឈាម និងរោមបក្សី ដែលមានជាតិប្រូតេអ៊ីន និងអាស៊ីតអាមីណូខ្ពស់ ហើយអាចយកទៅប្រើប្រាស់ជាគ្រឿងផ្សំក្នុងចំណីសត្វបាន។
បច្ចុប្បន្ន រោងចក្រកែច្នៃដំណាក់កាលដំបូងរបស់ក្រុមហ៊ុនអាចកែច្នៃបក្សីបានប្រមាណ ២០ម៉ឺន ក្បាលក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនមានគោលដៅបង្កើនសមត្ថភាពនេះដល់៤០ម៉ឺន ក្បាលក្នុងមួយថ្ងៃ។
ចំពោះប្រតិបត្តិការចិញ្ចឹមបង្គា ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនមួយចំនួននៅប្រទេសចិន ដោយផ្តោតសំខាន់លើរូបមន្តចំណីបង្គា និងការអភិវឌ្ឍគំរូសាកល្បង ដើម្បីបញ្ជាក់ពីលទ្ធភាពអនុវត្តជាក់ស្តែងនៃប្រព័ន្ធចិញ្ចឹមបង្គា។
ដើម្បីគាំទ្រដល់ការបង្កើនបរិមាណផលិតកម្ម ក្រុមហ៊ុនក៏កំពុងសហការជាមួយដៃគូបណ្តាក់ទុន រួមគ្នារបស់ខ្លួន គឺក្រុមហ៊ុន ថៃសាន់ ហ្វូដ (Tyson Foods) របស់សហរដ្ឋអាម៉េរិក ដើម្បីដាក់ឱ្យប្រើប្រាស់កសិដ្ឋានចិញ្ចឹមបសុបក្សីជំនាន់ថ្មី។
កសិដ្ឋាននេះ អាចចិញ្ចឹមមាន់សាច់បានរហូតដល់៥២ ០០០ ក្បាលក្នុងមួយរោង បើប្រៀបធៀបនឹងកសិដ្ឋានបែបប្រពៃណី ដែលអាចចិញ្ចឹមមាន់បានប្រមាណ២០ ០០០ក្បាលប៉ុណ្ណោះ៕ (ផាន់ អាណា)






