ដោយសារបញ្ហាអាកាសធាតុ និងការផ្គត់ផ្គង់មិនគ្រប់ធ្វើឱ្យតម្លៃប៉េងប៉ោះឡើងខ្លាំង ក្នុងឱកាសចូលឆ្នាំចិន
ប៉េកាំង៖ យោងតាមអ្នកវិភាគទីផ្សារបន្លែ ផ្លែឈើ បានឱ្យដឹងថា តម្លៃផ្លែប៉េងប៉ោះនៅប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ដោយសារតែអាកាសធាតុមិនអំណោយផល នៅដើមរដូវប្រមូលផល និងធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលទីផ្សារមានតម្រូវការខ្ពស់។ តម្លៃផ្លែប៉េងប៉ោះបានចាប់ផ្តើមធ្លាក់ចុះបន្តិច នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះ ហើយត្រូវគេរំពឹងថា នឹងបន្តធ្លាក់ចុះតាមរដូវកាល និងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ តម្លៃផ្លែប៉េងប៉ោះរបស់ចិនលក់រាយនៅក្នុងផ្សារទំនើបមួយចំនួន នៅទីក្រុងប៉េកាំង មានតម្លៃជិត២០យន់ ស្មើនឹង២,៨៧ដុល្លារ ក្នុងមួយគីឡូក្រាម ដោយផ្លែប៉េងប៉ោះពូជខ្លះមានតម្លៃខ្ពស់ជាង។ ចំណែកទិន្នន័យពីទីផ្សារលក់ដុំ បានបង្ហាញថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះមួយប្រអប់ ជាមធ្យមមានតម្លៃដល់៦,៧យន់ ឬប្រហែលនឹង០,៩៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពី២,៥យន់ ឬប្រហែលនឹង០,៣៦ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីមួយឆ្នាំមុន។ ចំណែកនៅទូទាំងប្រទេសចិនវិញ បើយោងតាមទិន្នន័យតាមដានរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ របស់ចិន បានឱ្យដឹងថា កាលពីក្នុងខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះលក់ដុំជាមធ្យម បានឡើងថ្លៃដល់៨,៥៩យន់ ឬប្រហែល១.២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះគឺខ្ពស់ជាងកាលពីខែមុនចំនួន២៣,៤ភាគរយ និងខ្ពស់ជាងឆ្នាំមុនចំនួន៧៦,៤ភាគរយ។ តម្លៃផ្លែប៉េងប៉ោះបានឡើងខ្ពស់បំផុត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ […]