វៀតណាម និងចិន ចុះហត្ថលេខាលើពិធីសារសម្រាប់នាំចេញផ្លែខ្នុរស្រស់
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងថា វៀតណាម និងចិន បានចុះហត្ថលេខាលើពិធីសារមួយ ដែលអនុញ្ញាតឱ្យនាំចេញផ្លែខ្នុរស្រស់របស់វៀតណាមទៅកាន់ទីផ្សារចិន។ ពិធីសារនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម និងអនុប្រធានរដ្ឋបាលគយចិន។ កិច្ចព្រមព្រៀងនេះ ប្រារព្ធឡើងបន្ទាប់ពីពិធីសារចំនួនបួនផ្សេងទៀត ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២៥នេះ ដែលគ្របដណ្តប់លើការនាំចេញផ្លែម្ទេស និងផ្លែប៉ាសិន ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី រដ្ឋបាលគយចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាម ស្របពេលវៀតណាមបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបរិស្ថាន។ កន្លងមក ផ្លែខ្នុរស្រស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈបណ្តាញផ្សេងៗ។ ចំណែកក្រោមពិធីសារថ្មីនេះ ការនាំចេញនឹងត្រូវធ្វើឱ្យមានស្តង់ដារត្រឹមត្រូវដើម្បីបំពេញតាមភូតគាមអនាម័យ និងគុណភាពរបស់ប្រទេសចិន។ យោងតាមក្រសួងកសិកម្មវៀតណាម គេរំពឹងថា ពិធីសារថ្មីនេះនឹងកាត់បន្ថយហានិភ័យផ្នែកពាណិជ្ជកម្ម និងគាំទ្រដល់ការពង្រីកផលិតកម្មផ្លែខ្នុរ ក្រោមការអនុវត្តកសិកម្មល្អ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរំពឹងថានឹងជួយដល់ការអភិវឌ្ឍដំណើរការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងធ្វើឱ្យប្រាក់ចំណូលរបស់អ្នកដាំខ្នុរមានស្ថេរភាពផងដែរ។ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ទទួលបានចំនួនជិតដល់៧,១ ពាន់លានដុល្លារ ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើងចំនួន១៥,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាច្រកនាំចេញផលិតផលកសិកម្មធំជាងគេសម្រាប់វៀតណាម ដែលមានបរិមានផ្គត់ផ្គង់ចំនួន៦២,៩ភាគរយ។ ក្រសួងកសិកម្មវៀតណាមរំពឹងថា ពិធីសារថ្មីនេះនឹងជួយពង្រឹងសន្ទុះនាំចេញនាពេលបច្ចុប្បន្ន និងគាំទ្រដល់គោលដៅនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមឱ្យបានចំណូលចំនួន៨,៥ពាន់លានដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៥នេះ ឧស្សហកម្មនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិន […]