ADB អនុម័តកម្មវិធីវិនិយោគចំនួន៧៦៣លានដុល្លារ​​ សម្រាប់លើកកម្ពស់​សុវត្ថិភាពទឹក និង​​​ការ​រស់នៅទីក្រុងរបស់​កម្ពុជា​

Things-to-do-in-Phnom-Penh

ដោយ ឡុង សារេត​

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៧៦៣លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន២០លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដើម្បីគាំទ្រកម្ពុជាពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេសកម្ពុជា។

យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី​១ ខែធ្នូ​ ឆ្នាំ​២០២៥ បាន​​ឱ្យដឹង​ថា ​កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ​ធន់ និងមាន​សុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។

កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥ភាគរយ នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។

លោកស្រី យ៉ាសមីន សីដីគី (Yasmin Siddiqi) នាយិកាធនាគារ​ ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ​«កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុង ដែលធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង​សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាងពីរលាននាក់ ដោយធានាថា សូម្បីតែសហគមន៍ ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ»។

ខណៈពេលប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត៨៣ភាគរយ ក្នុងឆ្នាំ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី៧៣ភាគរយ​ និងអនាម័យកើនឡើងពី៥៤ភាគរយ​ កាលពីឆ្នាំ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ និង​ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលទាក់ទងនឹងអាកាសធាតុប្រែប្រួលខ្លាំង។

ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជា ស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាព ដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់១០,៦ ពាន់លានដុល្លារ នៅឆ្នាំ២០៥០​ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០ភាគរយ។ តំបន់ទីក្រុងមានភាពងាយរងគ្រោះ ជាពិសេស ដោយសារប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ៤៧,៨ភាគរយ ពី៤,៦លាននាក់ ក្នុងឆ្នាំ២០២៤ ដល់ចំនួន៦,៨លាននាក់ (៣៥ភាគរយ​នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ២០៤០។

កម្មវិធីវិនិយោគនេះ​ ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វានឹងគាំទ្រការវិនិយោគជាអាទិភាព រយៈពេលខ្លី និងវែង ដើម្បីពង្រីក និងធ្វើឱ្យមាននិរន្តរភាព​ នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងដែលធន់ លើកកម្ពស់សន្តិសុខទឹក និងពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវា។

កម្មវិធីនេះបានបែងចែកជាបួនកញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន៩៦៦លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និងភ្នាក់ងារអនុវត្ត។ ការណ៍នេះធានានូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន​ និងបទពិសោធន៍ពីមុន ដើម្បីពង្រឹងការអនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ។ កញ្ចប់​នីមួយៗនឹងអនុវត្តបន្តពីមួយទៅមួយដើម្បីធានាគុណភាពផលជះ និងនិរន្តរភាពរបស់កម្មវិធីទាំងមូល។

ជំនួយឥតសំណងពី ADB មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ៣៨៥ ០០០នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាងចំនួន៥០០​០០០កន្លែង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ