ឯកឧត្តម ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍សំខាន់ៗបីដល់គ្រឹះស្ថានឧត្តមសិក្សាជំនាញកសិកម្មបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា និងបង្កើនការស្រាវជ្រាវ
ដោយ៖ឡុង សារេត ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញានេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួនបីចំណុច ដល់គ្រឹះស្ថានឧត្តមសិក្សា សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ឱ្យបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា និងបង្កើនការស្រាវជ្រាវ។ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតចំនួន ១,៤៨៧នាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចាត់ទុកការចែកសញ្ញាបត្រថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតនៃជោគជ័យរបស់គ្រឹះស្ថានឧត្តមសិក្សាទាំងបី ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងពេលនេះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍សំខាន់ៗចំនួនបីចំណុចដល់គ្រឹះស្ថានឧត្តមសិក្សាទាំងបីខាងលើផងដែរ។ (ទី១)-ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI), បង្កើនសមត្ថភាពសាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ, បំពាក់សម្ភារៈឧបករណ៍ចាំបាច់ និងទាញយកសក្តានុពលឱ្យអស់ពីលទ្ធភាពពីគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ដែលរាជរដ្ឋាភិបាលបានចូលរួមថវិកា វិនិយោគ លើការកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលនិស្សិត ឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ។ (ទី២)- ត្រូវបង្កើនការស្រាវជ្រាវ និងអនុវត្តផ្ទាល់ឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់និស្សិត និងដោយអភិវឌ្ឍមាតិកាស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យា […]