អ្នកស្រាវជ្រាវហ្វីលីពីន អភិវឌ្ឍពូជស្រូវថ្មី ផ្តល់ទិន្នផលខ្ពស់ ត្រូវការទឹកតិចជាងមុន

PHILIPPINES-ECONOMY-AGRICULTURE-RICE

ម៉ានីល៖ អ្នកវិទ្យាសាស្ត្រហ្វីលីពីន បានអភិវឌ្ឍពូជស្រូវថ្មី ដែលអាចធន់នឹងគ្រោះរាំងស្ងួត និងមានប្រព័ន្ធឫសរឹងមាំជាងគេ ព្រមទាំងអាចផ្តល់ទិន្នផលខ្ពស់ នៅក្រោមលក្ខខណ្ឌខ្វះទឹក។

សមិទ្ធផលបង្កើតពូជស្រូវថ្មីនេះ គឺជាស្នាដៃរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវស្រូវហ្វីលីពីន ដោយទទួលបានថវិកាគាំទ្រពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជួយការពារផលិតកម្មស្រូវឱ្យរួចផុតពីមហន្តរាយបង្កឡើងដោយគ្រោះរាំងស្ងួត។

ការស្រាវជ្រាវនេះដឹកនាំដោយអ្នកវិទ្យាសាស្ត្រហ្វីលីពីនពីររូប ដែលធ្លាប់បានបង្កាត់ពូជស្រូវដ៏ពេញនិយមនៅហ្វីលីពីន។ ពូជស្រូវថ្មីនេះមានឫសប្រវែងវែង និងច្រើនជាងមុន ដែលអាចឱ្យដើមស្រូវស្រូបយកជាតិទឹកបានកាន់តែមានប្រសិទ្ធភាព នៅពេលដីមិនសូវសំណើម។

លទ្ធផលពិសោធន៍បានបង្ហាញថា ប្រវែងឫសកើនឡើងពី២១ ទៅ៦០ភាគរយ និងផ្តល់ទិន្នផលស្រូវកើនឡើងពី៩ ទៅ៣៦ភាគរយ​ ក្រោមលក្ខខណ្ឌខ្វះទឹក។

ក្រៅពីការបង្កើនសមត្ថភាពធន់នឹងគ្រោះរាំងស្ងួត អ្នកស្រាវជ្រាវក៏បានកំណត់អត្តសញ្ញាណយន្តការហ្សែនដែលពាក់ព័ន្ធនឹងការអភិវឌ្ឍឫសស្រូវផងដែរ។

បន្ទាប់ពីបានប្រកាសលទ្ធផលស្រាវជ្រាវដំបូង នៅក្នុងខែឧសភា ឆ្នាំ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវស្រូវហ្វីលីពីន បានជំរុញការស្រាវជ្រាវនេះឱ្យឈានចូលដល់ដំណាក់កាលសាកល្បងទីពីរ ដែលត្រូវបានប្រកាសលទ្ធផលជាផ្លូវការ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដំណាក់កាលថ្មីនេះនឹងវាយតម្លៃពូជស្រូវ ដែលបានអភិវឌ្ឍនៅក្នុងបរិស្ថានខុសៗគ្នា រួមទាំងលក្ខខណ្ឌទឹក និងជីខុសគ្នា ដើម្បីកំណត់សមត្ថភាពសម្របខ្លួន ស្ថិរភាពទិន្នផល និងលទ្ធភាពសមស្របសម្រាប់ការដាំដុះនាពេលអនាគត។

ទោះបីជាលទ្ធផលស្រាវជ្រាវបង្ហាញពីសក្តានុពលល្អក៏ដោយ ពូជស្រូវដែលបានបង្កើតថ្មីទាំងនេះ នៅកំពុងស្ថិតក្រោមការវាយតម្លៃ ដូច្នេះមិនទាន់អនុញ្ញាតឱ្យចេញលក់ជាពូជពាណិជ្ជកម្មនៅឡើយទេ។

ខណៈគ្រោះរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ កំពុងគំរាមកំហែងដល់ផលិតកម្មកសិកម្មស្រូវ ការស្រាវជ្រាវនេះបានបង្ហាញពីលទ្ធភាពមួយក្នុងការអភិវឌ្ឍពូជស្រូវ ដែលអាចបង្កបង្កើនផលបាន ទោះបីជាមានទឹកតិចក៏ដោយ ព្រមទាំងអាចជួយកសិករហ្វីលីពីន និងពង្រឹងសន្តិសុខស្បៀង ក្នុងរយៈពេលវែង៕ (ផាន់ អាណា)


INDIA-ECONOMY
អង្ករឥណ្ឌាកំពុងតែឡើងថ្លៃ ទោះមានអង្ករសល់ពីឆ្នាំមុនច្រើនក៏ដោយ

ម៉ុមបៃ៖ តម្លៃអង្ករមួយចំនួន ដែលមានប្រជាប្រិយភាពនៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងជិតពីរដងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្លៃអង្ករ នៅទូទាំងប្រទេសកើនឡើង១២,៥ភាគរយ នៅក្នុងខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្តុកអង្កររបស់រដ្ឋាភិបាលស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក៏ដោយ។ ការឡើងថ្លៃអង្ករនេះ ក៏បានជំរុញឱ្យអតិផរណាតម្លៃម្ហូបអាហាររបស់ឥណ្ឌាកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលធ្វើឱ្យរដ្ឋាភិបាលឥណ្ឌា​ ពិបាកគ្រប់គ្រងតម្លៃយ៉ាងខ្លាំង ខណៈទំនិញម្ហូបអាហារមួយចំនួនទៀត រួមមាន ទឹកដោះគោ គ្រាប់ធញ្ញជាតិ ស្ករ និងបន្លែ ក៏កំពុងហក់ឡើងថ្លៃផងដែរ។ ការធ្លាក់ចុះនៃទិន្នផលផលិតកម្មស្រូវ និងការកើនឡើងនៃតម្រូវការអង្ករបាក់ កំពុងជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ។ ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌា ត្រូវបានរំពឹងថា នឹងធ្លាក់ចុះខ្លាំងបំផុត ក្នុងឆ្នាំ២០២៦ ដោយសារទឹកភ្លៀងរដូវមូសុងមានកម្រិតទាប បានប៉ះពាល់ដល់ដំណាំស្រូវក្នុងដំណាក់កាលលូតលាស់ និងស្រូវទុំ។ បណ្តារដ្ឋ ស្ថិតនៅភាគខាងត្បូងឥណ្ឌា បានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារកង្វះទឹកភ្លៀង ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលស្រូវ ដែលប្រជាជននៅតំបន់នេះនិយមបរិភោគយ៉ាងទូលំទូលាយ។ ការឡើងថ្លៃយ៉ាងខ្លាំងនៃអង្ករ ដែលប្រជាជននៅភាគខាងត្បូងឥណ្ឌានិយមបរិភោគ បានជំរុញឱ្យតម្លៃអង្ករជាមធ្យមទូទាំងប្រទេសកើនឡើងផងដែរ។ បន្ថែមពីលើនេះ តម្រូវការអង្ករបាក់ក៏កំពុងកើនឡើងពីសំណាក់ក្រុមហ៊ុនផលិតចំណីសត្វ ព្រមទាំងក្រុមហ៊ុនផលិតអេតាណុល។ ដោយសារតម្លៃពោតបានឡើងខ្ពស់ពេក ហើយរដ្ឋាភិបាលឥណ្ឌា បានដាក់កម្រិតការយកស្ករទៅប្រើសម្រាប់ផលិតអេតាណុល ដូច្នេះទើបធ្វើឱ្យឧស្សាហកម្មទាំងនេះងាកមកប្រើប្រាស់អង្ករបាក់ជាវត្ថុធាតុដើមជំនួសវិញ។ ការណ៍នេះបានបង្កើនការប្រកួតប្រជែងដណ្តើមទិញអង្ករបាក់ និងជំរុញឱ្យតម្លៃអង្ករហក់ឡើងខ្លាំង។ សម្រាប់ឆ្នាំ២០២៦ ប្រទេសឥណ្ឌាបានប្រមូលផលស្រូវថ្មី នៅថ្ងៃទី១ ខែតុលា ដោយមានស្តុកអង្ករសល់រហូតដល់ជាង៥៥លានតោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងច្រើនជាង៤ដងនៃបរិមាណស្តុកបម្រុងអប្បបរមារបស់ឥណ្ឌា។ ឥណ្ឌាអាចដាក់ពន្ធនាំចេញ២០ភាគរយ […]

PHILIPPINES-ECONOMY
ហ្វីលីពីនឆ្លៀតទាក់ទាញប្រតិភូអាស៊ាន ដើម្បីបង្កើតចំណូលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម

ម៉ានីល៖ ម្ហូបប្រចាំតំបន់ កាហ្វេប្រមូលទិញពីកសិករក្នុងស្រុក វិធីសាស្ត្រថែទាំសុខភាពបែបប្រពៃណី និងផលិតផលក្នុងស្រុករបស់ហ្វីលីពីន កំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រតិភូសារព័ត៌មានអន្តរជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដោយអាចបង្កើតចំណូលពីការលក់ផលិតផលរបស់សម្រាប់សហគ្រាសក្នុងស្រុក។ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ក្រសួងទេសចរណ៍ហ្វីលីពីន បានរាយការណ៍ថា មជ្ឈមណ្ឌលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម បានបង្កើតចំណូលពីការលក់ផលិតផលរបស់កសិករ ចាប់តាំងពីការបើកដំណើរការសាកល្បងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីតាំងលក់ផលិផលនេះ​ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ហ្វីលីពីនដោយមានតាំងលក់ផលិតផលជាច្រើន ដើម្បីបង្ហាញពីសក្តានុពលផ្នែកវិស័យទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសហ្វីលីពីន។ ការតាំងបង្ហាញម្ហូបអាហារនេះ ក៏មានការចូលរួមពីចុងភៅល្បីៗ ដែលធ្លាប់ទទួលពានរង្វាន់ឆ្នើម​ឆ្នាំ២០២៧ផងដែរ។ ប្រតិភូអន្តរជាតិក៏អាចទទួលបានបទពិសោធន៍ផ្នែកថែទាំសុខភាពបែបប្រពៃណីរបស់ហ្វីលីពីន តាមរយៈការម៉ាស្សា ដែលជាវិធីសាស្ត្រម៉ាស្សាព្យាបាលតាមទំនៀមទម្លាប់ព្យាបាលជំងឺរបស់ជនជាតិដើមភាគតិចហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ គឺជាឱកាសបង្ហាញឱ្យសហគមន៍អន្តរជាតិបានស្គាល់ពីស្នាដៃផលិត​ និងកែច្នៃរបស់ប្រជាជនហ្វីលីពីន៕​ (ផាន់ អាណា)

INDONESIA-CLIMATE-COURT-SWITZERLAND
ឥណ្ឌូណេស៊ីមានសក្តានុពលវិនិយោគជាង១៥ពាន់លានដុល្លារ ក្នុងវិស័យសមុទ្រ និងជលផល

ហ្សាការតា៖ អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ និងការកែច្នៃផលិតផលក្នុងស្រុក របស់ឥណ្ឌូណេស៊ី លោក តូដូទួ ប៉ាសារីប៊ូ (Todotua Pasaribu) បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីមានសក្តានុពលវិនិយោគចំនួនជាង១៥ពាន់លានដុល្លារ នៅក្នុងវិស័យសមុទ្រ និងជលផល។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសផ្គត់ផ្គង់សារាយសមុទ្រឈានមុខគេលើពិភពលោក ដោយនាំចេញប្រមាណ៦៥ភាគរយ នៃផលិតកម្មសរុបរបស់ខ្លួន ក្នុងទម្រង់ជាសារាយសមុទ្រឆៅ ឬសារាយសមុទ្រសម្ងួត។ លោកបានទទួលស្គាល់ថា ឥណ្ឌូណេស៊ីមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍធនធានសារាយសមុទ្របន្ថែមទៀត ជាពិសេសតាមរយៈការកែច្នៃទៅជាផលិតផលមានតម្លៃបន្ថែម ដូចជាសារធាតុជំរុញការលូតលាស់របស់រុក្ខជាតិ។ ក្រៅពីសារាយសមុទ្រ លោកបានបន្ថែមថា ឥណ្ឌូណេស៊ីក៏មានសក្តានុពលខ្ពស់ក្នុងវិស័យចិញ្ចឹមបង្គា ត្រីធូណា និងផលិតអំបិលផងដែរ។ លោក តូដូទួ ប៉ាសារីប៊ូ បានមានប្រសាសន៍ថា ចំពោះអំបិល បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងផ្តោតលើការអភិវឌ្ឍវិស័យនេះ ហើយមានការវិនិយោគជាយុទ្ធសាស្ត្រមួយចំនួន។ លោកបានបង្ហើបឱ្យដឹងថា វិនិយោគិនមួយរូបមកពីតំបន់មជ្ឈិមបូព៌ា បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអំបិលរបស់ឥណ្ឌូណេស៊ី ដើម្បីអភិវឌ្ឍឧស្សាហកម្មអំបិលនៅខេត្តជ្វាខាងកើត។ លោកបានពន្យល់ថា សក្តានុពលវិនិយោគនេះទទួលបានការគាំទ្រពីទីតាំងដ៏រឹងមាំរបស់ឥណ្ឌូណេស៊ីក្នុងផលិតកម្មពិភពលោក។ លោកបានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការផលិតត្រីធូណា និងត្រីម៉ាកឺរ៉ែល (Mackerel) ដោយមានចំណែក២១ភាគរយនៃផលិតកម្មពិភពលោក។ ឥណ្ឌូណេស៊ីក៏ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកក្នុងការផលិតសារាយសមុទ្រ ដោយមានចំណែក ៣៨ភាគរយ និងត្រីទីឡាព្យ៉ា ដោយមានចំណែកជាង២២ភាគរយ […]

PHILIPPINES-HEALTH-UN-EBOLA-FARM
អ្នកចិញ្ចឹមជ្រូកនៅហ្វីលីពីនឱ្យរដ្ឋាភិបាលស៊ើបអង្កេតការកំណត់តម្លៃជ្រូក

ម៉ានីល៖ សមាគមអ្នកចិញ្ចឹមជ្រូក នៅភាគកណ្ដាលប្រទេសហ្វីលីពីន កំពុងស្នើសុំឱ្យរដ្ឋាភិបាលចាត់វិធានការស៊ើបអង្កេតលើការកំណត់តម្លៃសាច់ជ្រូក រួមទាំងករណីមានសេចក្តីរាយការណ៍ថា កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតធំមួយ បានកំណត់តម្លៃជ្រូករស់ត្រឹម២,៣០ដុល្លារ ក្នុងមួយគីឡូក្រាម។ សមាគមអ្នកចិញ្ចឹមជ្រូក ខេត្តសេប៊ូ ភាគកណ្ដាលហ្វីលីពីន ទាមទារឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន ពិនិត្យលើការចែកចាយសាច់ជ្រូកផលិតក្នុងស្រុក ចាប់ពីកសិដ្ឋានរហូតដល់ទីផ្សារលក់រាយ ចំពេលមានការព្រួយបារម្ភថា ការកំណត់តម្លៃកំពុងបង្កផលប៉ះពាល់ដល់កសិករក្នុងស្រុក។ ក្នុងចំណោមសំណើ រួមមានការស្នើឱ្យអាជ្ញាធរពិនិត្យតម្លៃជ្រូករស់នៅតាមកសិដ្ឋានមួយនេះ ដែលកំណត់តម្លៃប្រមាណ២,៣០ដុល្លារ ក្នុងមួយគីឡូក្រាម និងស៊ើបអង្កេតការកេងប្រវ័ញ្ច ឬរៀបចំតម្លៃនៅតាមទីផ្សារ។ សមាគមក៏បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរគ្រប់គ្រងចេញលិខិតបង្គាប់ឱ្យម្ចាស់កសិដ្ឋានខ្នាតធំចេញមុខបំភ្លឺ អំពីការកំណត់តម្លៃជ្រូករស់នៅក្នុងកសិដ្ឋាន។ ប្រទេសហ្វីលីពីនអាចជួបបញ្ហាខ្វះសាច់ជ្រូកដើម្បីផ្គត់ផ្គង់​ដល់ការ​ប្រើប្រាស់ក្នុងស្រុក ក្រោយពីបានដាក់បម្រាម​នាំចូល ដើម្បីជួយឲ្យជ្រូកក្នុងស្រុកមានតម្លៃប្រសើរ ។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មហ្វីលីពីនបានដាក់ចេញវិធានការហាមឃាត់ការនាំចូលផលិតផលសាច់ជ្រូករយៈពេល៦០ថ្ងៃ ដែលអាចធ្វើឱ្យប្រជាជនហ្វីលីពីន​ ​ខ្វះសាច់ជ្រូក​ នៅ​ដើម​ឆ្នាំ២០២៧ ខាងមុខនេះ ។ ការ​ហាមឃាត់ជ្រូកនាំចូលត្រូវបានអនុវត្ត បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា ការកើនឡើងនៃការនាំចូលសាច់ជ្រូកពីបរទេស ចាប់ពីឆ្នាំ២០២១ រហូតដល់ខែសីហា ឆ្នាំ២០២៦ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មចិញ្ចឹមជ្រូក​ក្នុងស្រុក៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ