ម៉ុមបៃ៖ តម្លៃអង្ករមួយចំនួន ដែលមានប្រជាប្រិយភាពនៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងជិតពីរដងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្លៃអង្ករ នៅទូទាំងប្រទេសកើនឡើង១២,៥ភាគរយ នៅក្នុងខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្តុកអង្កររបស់រដ្ឋាភិបាលស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក៏ដោយ។
ការឡើងថ្លៃអង្ករនេះ ក៏បានជំរុញឱ្យអតិផរណាតម្លៃម្ហូបអាហាររបស់ឥណ្ឌាកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលធ្វើឱ្យរដ្ឋាភិបាលឥណ្ឌា ពិបាកគ្រប់គ្រងតម្លៃយ៉ាងខ្លាំង ខណៈទំនិញម្ហូបអាហារមួយចំនួនទៀត រួមមាន ទឹកដោះគោ គ្រាប់ធញ្ញជាតិ ស្ករ និងបន្លែ ក៏កំពុងហក់ឡើងថ្លៃផងដែរ។
ការធ្លាក់ចុះនៃទិន្នផលផលិតកម្មស្រូវ និងការកើនឡើងនៃតម្រូវការអង្ករបាក់ កំពុងជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ។
ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌា ត្រូវបានរំពឹងថា នឹងធ្លាក់ចុះខ្លាំងបំផុត ក្នុងឆ្នាំ២០២៦ ដោយសារទឹកភ្លៀងរដូវមូសុងមានកម្រិតទាប បានប៉ះពាល់ដល់ដំណាំស្រូវក្នុងដំណាក់កាលលូតលាស់ និងស្រូវទុំ។
បណ្តារដ្ឋ ស្ថិតនៅភាគខាងត្បូងឥណ្ឌា បានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារកង្វះទឹកភ្លៀង ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលស្រូវ ដែលប្រជាជននៅតំបន់នេះនិយមបរិភោគយ៉ាងទូលំទូលាយ។
ការឡើងថ្លៃយ៉ាងខ្លាំងនៃអង្ករ ដែលប្រជាជននៅភាគខាងត្បូងឥណ្ឌានិយមបរិភោគ បានជំរុញឱ្យតម្លៃអង្ករជាមធ្យមទូទាំងប្រទេសកើនឡើងផងដែរ។
បន្ថែមពីលើនេះ តម្រូវការអង្ករបាក់ក៏កំពុងកើនឡើងពីសំណាក់ក្រុមហ៊ុនផលិតចំណីសត្វ ព្រមទាំងក្រុមហ៊ុនផលិតអេតាណុល។
ដោយសារតម្លៃពោតបានឡើងខ្ពស់ពេក ហើយរដ្ឋាភិបាលឥណ្ឌា បានដាក់កម្រិតការយកស្ករទៅប្រើសម្រាប់ផលិតអេតាណុល ដូច្នេះទើបធ្វើឱ្យឧស្សាហកម្មទាំងនេះងាកមកប្រើប្រាស់អង្ករបាក់ជាវត្ថុធាតុដើមជំនួសវិញ។ ការណ៍នេះបានបង្កើនការប្រកួតប្រជែងដណ្តើមទិញអង្ករបាក់ និងជំរុញឱ្យតម្លៃអង្ករហក់ឡើងខ្លាំង។
សម្រាប់ឆ្នាំ២០២៦ ប្រទេសឥណ្ឌាបានប្រមូលផលស្រូវថ្មី នៅថ្ងៃទី១ ខែតុលា ដោយមានស្តុកអង្ករសល់រហូតដល់ជាង៥៥លានតោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងច្រើនជាង៤ដងនៃបរិមាណស្តុកបម្រុងអប្បបរមារបស់ឥណ្ឌា។
ឥណ្ឌាអាចដាក់ពន្ធនាំចេញ២០ភាគរយ លើការនាំចេញអង្ករប្រភេទមិនមែនបាស្មាទី ឬដាក់ឱ្យប្រើប្រាស់ឡើងវិញនូវតម្លៃអប្បបរមាសម្រាប់ការនាំចេញអង្ករ។ រដ្ឋាភិបាលក៏អាចហាមឃាត់ការនាំចេញអង្ករបាក់ ១០០ភាគរយ ដូចធ្លាប់បានអនុវត្តកាលពីឆ្នាំ២០២២ ដើម្បីបង្វែរការផ្គត់ផ្គង់អង្ករឱ្យបានច្រើនថែមទៀតទៅកាន់ទីផ្សារក្នុងស្រុក។
គួរកត់សម្គាល់ថា ចំណុចសំខាន់បំផុតសម្រាប់អ្នកតាមដានទីផ្សារអង្ករអាស៊ី គឺបញ្ហានេះមិនមែនកើតឡើងដោយសារកង្វះស្តុកអង្ករនោះទេ ប៉ុន្តែជាបញ្ហានៃភាពមិនស៊ីគ្នារវាងប្រភេទអង្ករក្នុងស្តុក និងតម្រូវការទីផ្សារ។ ប្រសិនបើប្រទេសឥណ្ឌាដាក់ពន្ធនាំចេញ ឬរឹតបន្តឹងការនាំចេញ វាអាចបង្កើតឱកាសថ្មីសម្រាប់អ្នកនាំចេញអង្ករនៅតំបន់អាស៊ីអាគ្នេយ៍៕ (ផាន់ អាណា)





