ម៉ានីល៖ សមាគមអ្នកចិញ្ចឹមជ្រូក នៅភាគកណ្ដាលប្រទេសហ្វីលីពីន កំពុងស្នើសុំឱ្យរដ្ឋាភិបាលចាត់វិធានការស៊ើបអង្កេតលើការកំណត់តម្លៃសាច់ជ្រូក រួមទាំងករណីមានសេចក្តីរាយការណ៍ថា កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតធំមួយ បានកំណត់តម្លៃជ្រូករស់ត្រឹម២,៣០ដុល្លារ ក្នុងមួយគីឡូក្រាម។
សមាគមអ្នកចិញ្ចឹមជ្រូក ខេត្តសេប៊ូ ភាគកណ្ដាលហ្វីលីពីន ទាមទារឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន ពិនិត្យលើការចែកចាយសាច់ជ្រូកផលិតក្នុងស្រុក ចាប់ពីកសិដ្ឋានរហូតដល់ទីផ្សារលក់រាយ ចំពេលមានការព្រួយបារម្ភថា ការកំណត់តម្លៃកំពុងបង្កផលប៉ះពាល់ដល់កសិករក្នុងស្រុក។
ក្នុងចំណោមសំណើ រួមមានការស្នើឱ្យអាជ្ញាធរពិនិត្យតម្លៃជ្រូករស់នៅតាមកសិដ្ឋានមួយនេះ ដែលកំណត់តម្លៃប្រមាណ២,៣០ដុល្លារ ក្នុងមួយគីឡូក្រាម និងស៊ើបអង្កេតការកេងប្រវ័ញ្ច ឬរៀបចំតម្លៃនៅតាមទីផ្សារ។
សមាគមក៏បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរគ្រប់គ្រងចេញលិខិតបង្គាប់ឱ្យម្ចាស់កសិដ្ឋានខ្នាតធំចេញមុខបំភ្លឺ អំពីការកំណត់តម្លៃជ្រូករស់នៅក្នុងកសិដ្ឋាន។
ប្រទេសហ្វីលីពីនអាចជួបបញ្ហាខ្វះសាច់ជ្រូកដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងស្រុក ក្រោយពីបានដាក់បម្រាមនាំចូល ដើម្បីជួយឲ្យជ្រូកក្នុងស្រុកមានតម្លៃប្រសើរ ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មហ្វីលីពីនបានដាក់ចេញវិធានការហាមឃាត់ការនាំចូលផលិតផលសាច់ជ្រូករយៈពេល៦០ថ្ងៃ ដែលអាចធ្វើឱ្យប្រជាជនហ្វីលីពីន ខ្វះសាច់ជ្រូក នៅដើមឆ្នាំ២០២៧ ខាងមុខនេះ ។
ការហាមឃាត់ជ្រូកនាំចូលត្រូវបានអនុវត្ត បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា ការកើនឡើងនៃការនាំចូលសាច់ជ្រូកពីបរទេស ចាប់ពីឆ្នាំ២០២១ រហូតដល់ខែសីហា ឆ្នាំ២០២៦ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក៕ (ផាន់ អាណា)





