ហ្សាការតា៖ អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ និងការកែច្នៃផលិតផលក្នុងស្រុក របស់ឥណ្ឌូណេស៊ី លោក តូដូទួ ប៉ាសារីប៊ូ (Todotua Pasaribu) បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីមានសក្តានុពលវិនិយោគចំនួនជាង១៥ពាន់លានដុល្លារ នៅក្នុងវិស័យសមុទ្រ និងជលផល។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសផ្គត់ផ្គង់សារាយសមុទ្រឈានមុខគេលើពិភពលោក ដោយនាំចេញប្រមាណ៦៥ភាគរយ នៃផលិតកម្មសរុបរបស់ខ្លួន ក្នុងទម្រង់ជាសារាយសមុទ្រឆៅ ឬសារាយសមុទ្រសម្ងួត។
លោកបានទទួលស្គាល់ថា ឥណ្ឌូណេស៊ីមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍធនធានសារាយសមុទ្របន្ថែមទៀត ជាពិសេសតាមរយៈការកែច្នៃទៅជាផលិតផលមានតម្លៃបន្ថែម ដូចជាសារធាតុជំរុញការលូតលាស់របស់រុក្ខជាតិ។
ក្រៅពីសារាយសមុទ្រ លោកបានបន្ថែមថា ឥណ្ឌូណេស៊ីក៏មានសក្តានុពលខ្ពស់ក្នុងវិស័យចិញ្ចឹមបង្គា ត្រីធូណា និងផលិតអំបិលផងដែរ។
លោក តូដូទួ ប៉ាសារីប៊ូ បានមានប្រសាសន៍ថា ចំពោះអំបិល បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងផ្តោតលើការអភិវឌ្ឍវិស័យនេះ ហើយមានការវិនិយោគជាយុទ្ធសាស្ត្រមួយចំនួន។
លោកបានបង្ហើបឱ្យដឹងថា វិនិយោគិនមួយរូបមកពីតំបន់មជ្ឈិមបូព៌ា បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអំបិលរបស់ឥណ្ឌូណេស៊ី ដើម្បីអភិវឌ្ឍឧស្សាហកម្មអំបិលនៅខេត្តជ្វាខាងកើត។
លោកបានពន្យល់ថា សក្តានុពលវិនិយោគនេះទទួលបានការគាំទ្រពីទីតាំងដ៏រឹងមាំរបស់ឥណ្ឌូណេស៊ីក្នុងផលិតកម្មពិភពលោក។ លោកបានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការផលិតត្រីធូណា និងត្រីម៉ាកឺរ៉ែល (Mackerel) ដោយមានចំណែក២១ភាគរយនៃផលិតកម្មពិភពលោក។
ឥណ្ឌូណេស៊ីក៏ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកក្នុងការផលិតសារាយសមុទ្រ ដោយមានចំណែក ៣៨ភាគរយ និងត្រីទីឡាព្យ៉ា ដោយមានចំណែកជាង២២ភាគរយ ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការផលិតបង្គា ដោយមានចំណែកប្រមាណ១៦ភាគរយ។
លើសពីនេះ ប្រទេសឥណ្ឌូណេស៊ីមានផ្ទៃដីដ៏មានសក្តានុពលសម្រាប់ផលិតអំបិលជាងបួនម៉ឺនហិកតា។
អនុរដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា ធនធានដ៏សម្បូរបែបទាំងនេះផ្តល់នូវឱកាសវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតកម្ម ដែលអាចបង្កើតតម្លៃបន្ថែមខ្ពស់៕ (ផាន់ អាណា)





