ម៉ានីល៖ អ្នកវិទ្យាសាស្ត្រហ្វីលីពីន បានអភិវឌ្ឍពូជស្រូវថ្មី ដែលអាចធន់នឹងគ្រោះរាំងស្ងួត និងមានប្រព័ន្ធឫសរឹងមាំជាងគេ ព្រមទាំងអាចផ្តល់ទិន្នផលខ្ពស់ នៅក្រោមលក្ខខណ្ឌខ្វះទឹក។
សមិទ្ធផលបង្កើតពូជស្រូវថ្មីនេះ គឺជាស្នាដៃរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវស្រូវហ្វីលីពីន ដោយទទួលបានថវិកាគាំទ្រពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជួយការពារផលិតកម្មស្រូវឱ្យរួចផុតពីមហន្តរាយបង្កឡើងដោយគ្រោះរាំងស្ងួត។
ការស្រាវជ្រាវនេះដឹកនាំដោយអ្នកវិទ្យាសាស្ត្រហ្វីលីពីនពីររូប ដែលធ្លាប់បានបង្កាត់ពូជស្រូវដ៏ពេញនិយមនៅហ្វីលីពីន។ ពូជស្រូវថ្មីនេះមានឫសប្រវែងវែង និងច្រើនជាងមុន ដែលអាចឱ្យដើមស្រូវស្រូបយកជាតិទឹកបានកាន់តែមានប្រសិទ្ធភាព នៅពេលដីមិនសូវសំណើម។
លទ្ធផលពិសោធន៍បានបង្ហាញថា ប្រវែងឫសកើនឡើងពី២១ ទៅ៦០ភាគរយ និងផ្តល់ទិន្នផលស្រូវកើនឡើងពី៩ ទៅ៣៦ភាគរយ ក្រោមលក្ខខណ្ឌខ្វះទឹក។
ក្រៅពីការបង្កើនសមត្ថភាពធន់នឹងគ្រោះរាំងស្ងួត អ្នកស្រាវជ្រាវក៏បានកំណត់អត្តសញ្ញាណយន្តការហ្សែនដែលពាក់ព័ន្ធនឹងការអភិវឌ្ឍឫសស្រូវផងដែរ។
បន្ទាប់ពីបានប្រកាសលទ្ធផលស្រាវជ្រាវដំបូង នៅក្នុងខែឧសភា ឆ្នាំ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវស្រូវហ្វីលីពីន បានជំរុញការស្រាវជ្រាវនេះឱ្យឈានចូលដល់ដំណាក់កាលសាកល្បងទីពីរ ដែលត្រូវបានប្រកាសលទ្ធផលជាផ្លូវការ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណាក់កាលថ្មីនេះនឹងវាយតម្លៃពូជស្រូវ ដែលបានអភិវឌ្ឍនៅក្នុងបរិស្ថានខុសៗគ្នា រួមទាំងលក្ខខណ្ឌទឹក និងជីខុសគ្នា ដើម្បីកំណត់សមត្ថភាពសម្របខ្លួន ស្ថិរភាពទិន្នផល និងលទ្ធភាពសមស្របសម្រាប់ការដាំដុះនាពេលអនាគត។
ទោះបីជាលទ្ធផលស្រាវជ្រាវបង្ហាញពីសក្តានុពលល្អក៏ដោយ ពូជស្រូវដែលបានបង្កើតថ្មីទាំងនេះ នៅកំពុងស្ថិតក្រោមការវាយតម្លៃ ដូច្នេះមិនទាន់អនុញ្ញាតឱ្យចេញលក់ជាពូជពាណិជ្ជកម្មនៅឡើយទេ។
ខណៈគ្រោះរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ កំពុងគំរាមកំហែងដល់ផលិតកម្មកសិកម្មស្រូវ ការស្រាវជ្រាវនេះបានបង្ហាញពីលទ្ធភាពមួយក្នុងការអភិវឌ្ឍពូជស្រូវ ដែលអាចបង្កបង្កើនផលបាន ទោះបីជាមានទឹកតិចក៏ដោយ ព្រមទាំងអាចជួយកសិករហ្វីលីពីន និងពង្រឹងសន្តិសុខស្បៀង ក្នុងរយៈពេលវែង៕ (ផាន់ អាណា)






