ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។
យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។
លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។
របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។
ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប ខណៈសេដ្ឋកិច្ចកំពុងពង្រីកខ្លួន នគរូបនីយកម្មកាន់តែរីកចម្រើន និងមានការតភ្ជាប់តាមប្រព័ន្ធឌីជីថលកាន់តែខ្លាំង ព្រមទាំងផ្លាស់ប្តូរទៅរកសេដ្ឋកិច្ច ដែលពឹងផ្អែកលើវិស័យសេវាកម្មកាន់តែច្រើន។ នៅកម្រិតវិនិយោគបច្ចុប្បន្ន ការវិនិយោគរបស់រដ្ឋាភិបាលអាចបំពេញតម្រូវការបានត្រឹមតែ៤៥ភាគរយ ប៉ុណ្ណោះ ដែលបន្សល់ទុកនូវគម្លាតហិរញ្ញប្បទានប្រមាណ២៦៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។
របាយការណ៍បានកំណត់ថា គម្រោងរៀបចំមិនល្អ និងមិនបានត្រៀមអនុវត្តជាក់ស្តែង គឺជាឧបសគ្គចម្បងមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ដែលចាំបាច់សម្រាប់បំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន។
ដោយសារថវិការដ្ឋាភិបាលកំពុងរងសម្ពាធ របាយការណ៍នេះបានអំពាវនាវឱ្យបណ្តាប្រទេសអាស៊ាន ប្រឹងរៀបចំគម្រោងឱ្យបានល្អជាមុន ការបង្កើតច្បាប់មានស្ថិរភាព និងអាចព្យាករណ៍បាន ព្រមទាំងការអនុវត្តនីតិវិធីលទ្ធកម្មប្រកបដោយតម្លាភាព។
របាយការណ៍នេះផ្តោតសំខាន់លើប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ៕ (ផាន់ អាណា)






