ម៉ានីល៖ អត្រាភាពអត់ឃ្លានក្នុងខែកញ្ញានេះ ឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងខ្លាំងនៃថ្លៃចំណាយលើការរស់នៅ ដែលបានដាក់សម្ពាធលើគ្រួសារក្រីក្រនៅក្នុងប្រទេសហ្វីលីពីន។ អត្រានេះក៏ខ្ពស់ជាងកម្រិតមធ្យមត្រឹម២១,១ភាគរយ ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០។នេះបើយោងតាមលទ្ធផលស្ទង់មតិចុងក្រោយរបស់ហ្វីលីពីន។
ការស្ទង់មតិ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា បង្ហាញថា កំណើនភាពអត់ឃ្លាននេះ បណ្តាលមកពីការកើនឡើងនៃអត្រាគ្រួសារខ្វះស្បៀងអាហារ នៅទីក្រុងម៉ានីល និងតំបន់លូហ្សុន (Luzon)។
បើពិនិត្យតាមតំបន់ អត្រាភាពអត់ឃ្លានខ្ពស់បំផុត មាននៅទីក្រុងម៉ានីល ដែលមាន២៧ភាគរយកើនពីកម្រិត ២១ភាគរយ កាលពីខែមិថុនា។
អត្រាភាពអត់ឃ្លានសរុប២២,៦ភាគរយ ក្នុងខែកញ្ញា ត្រូវបានបែងចែកជាពីរកម្រិត គឺគ្រួសារជួបប្រទះភាពអត់ឃ្លានកម្រិតមធ្យម មានចំនួន១៦,២ភាគរយ និងគ្រួសារជួបប្រទះភាពអត់ឃ្លានធ្ងន់ធ្ងរ មានចុះនួន៦,៤ភាគរយ។
ភាពអត់ឃ្លានកម្រិតមធ្យម សំដៅលើគ្រួសារ ដែលធ្លាប់ខ្វះអាហារបរិភោគម្តង ឬពីរបីដងក្នុងរយៈពេល៣ខែចំណែកភាពអត់ឃ្លានធ្ងន់ធ្ងរ សំដៅលើគ្រួសារ ដែលជួបប្រទះការខ្វះអាហារហូបញឹកញាប់ ឬស្ទើរតែគ្រប់ពេល។
ការកើនឡើងនៃភាពអត់ឃ្លាននេះ បានកើតមាននៅពេលតម្លៃទំនិញស្បៀងអាហារចាំបាច់បានហក់ឡើងខ្លាំង។ យោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីន អត្រាអតិផរណាស្បៀងអាហារបានកើនឡើងដល់ ៦,៧ភាគរយ ក្នុងខែកញ្ញា ពីកម្រិត៤,៦ភាគរយ កាលពីខែសីហា។ អត្រាអតិផរណាតម្លៃអង្ករក៏បានហក់ឡើងដល់ ២០,៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំ បើប្រៀបធៀបនឹងកម្រិត១៩,៤ភាគរយ កាលពីខែមុន។
យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន អត្រាអតិផរណាទូទៅរបស់ប្រទេសបានកើនឡើងដល់៧,២ភាគរយ ក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំ។
ការកើនឡើងនេះបណ្តាលមកពីបញ្ហាអាកាសធាតុ និងការឡើងថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោក ដែលបានជំរុញឱ្យថ្លៃស្បៀងអាហារ ថ្លៃសេវាសាធារណៈ និងថ្លៃដឹកជញ្ជូនកើនឡើងជាបន្តបន្ទាប់៕ (ផាន់ អាណា)






