ដោយ ឡុង សារេត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។
ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។
លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។
គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ ស្ត្រីប្រមាណ ៥១% នៃកម្លាំងពលកម្មកសិកម្មរបស់កម្ពុជា នៅតែស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះជាងគេ ដោយសារពួកគាត់មានលទ្ធភាពតិចតួចក្នុងការទទួលបានហិរញ្ញប្បទាន។
គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូច ដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម ក្នុងឃុំចំនួន១៨៦ ក្នុងខេត្តចំនួន៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ។ គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន៧ ០០០ហិកតា បន្ថែមទៀត និងស្តារឡើងវិញនូវផ្លូវប្រវែង១៩០គីឡូម៉ែត្រ។
គម្រោងនេះនឹងផ្តល់ឱ្យកសិករនូវការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការអនុវត្តវិធីសាស្រ្តប្រកបដោយភាពធន់ក្នុងការដាំដុះដំណាំ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រី៕





