ហ្សាការតា៖ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ប្រាក់កម្ចីចំនួន២១៨លានដុល្លារ ដើម្បីពង្រឹងការត្រួតពិនិត្យចំណីអាហារ និងឱសថ ព្រមទាំងវិស័យពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី តាមរយៈការសាងសង់មន្ទីរពិសោធន៍សម្រាប់ត្រួតពិនិត្យគុណភាពផលិតផលថ្មីៗ ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ ឥណ្ឌូណេស៊ី គឺជាស្ថាប័នប្រើប្រាស់ហិរញ្ញប្បទាននេ ហើយធនាគារអភិវឌ្ឍន៍អាស៊ី កំពុងរៀបចំព័ត៌មានលម្អិតនៃគម្រោងនេះ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថាថវិកាជិត២,៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍។
លោកបានមានប្រសាសន៍ថា ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ មានបំណងសាងសង់មន្ទីរពិសោធន៍នេះ តាំងពីឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារវិធានការរឹតត្បិតលើការចំណាយថវិការបស់រដ្ឋាភិបាល។
លោកបានបញ្ជាក់ថា មន្ទីរពិសោធន៍នេះក៏នឹងជួយបង្កើនសមត្ថភាពធ្វើតេស្តពី៨៦,៤ ដល់៩៥,៥ភាគរយ កាត់បន្ថយរយៈពេលធ្វើតេស្តមកនៅត្រឹម៥ថ្ងៃ បើធៀបនឹងរយៈពេលរង់ចាំ៨ថ្ងៃ នាពេលបច្ចុប្បន្ន។
តាមគម្រោង ប្រាក់កម្ចីសរុបចំនួន២១៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍ចំនួន៣៧កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។
គិតត្រឹមខែមេសា ឆ្នាំ២០២៦ ទំហំហិរញ្ញប្បទាន ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ដល់ប្រទេសឥណ្ឌូណេស៊ី រួមមានប្រាក់កម្ចីសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស មានចំនួនសរុប៥០,៦ពាន់លានដុល្លារ៕ (ផាន់ អាណា)







