ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី មានគោលដៅដាក់ឱ្យដំណើរការពេញលេញនូវភូមិនេសាទទំនើបចំនួន១៣៦៩បន្ថែមទៀត នៅដើមឆ្នាំ២០២៧ តាមគម្រោងអភិវឌ្ឍភូមិនេសាទទំនើបឱ្យបានចំនួន៥ ០០០នៅទូទាំងប្រទេស។
កាលពីថ្ងៃទី២២ ខែតុលា អគ្គលេខាធិការក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានកំណត់គោលដៅអភិវឌ្ឍភូមិនេសាទទំនើបឱ្យបាន៥ ០០០នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយបែងចែកជាដំណាក់កាលៗ។
លោកបានថ្លែងថា ក្នុងចំណោមភូមិនេសាទទាំង៥០០០ភូមិ ក្រសួងកំពុងអនុវត្តការអភិវឌ្ឍនៅទីតាំងចំនួន ១ ៣៦៩ភូមិ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។ ភូមិនេសាទទាំងអស់នេះ នឹងដំណើរការពេញលេញនៅដើមឆ្នាំ២០២៧។
ក្នុងចំណោមភូមិនេសាទទាំង១ ៣៦៩ភូមិ មានភូមិចំនួន១ ២៦៩ភូមិ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ខណៈភូមិចំនួន១០០ភូមិទៀត កំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំដាក់ឱ្យដំណើរការ។
លោកបានឱ្យដឹងថា ក្រសួងនឹងបង្កើនការផ្តល់ជំនួយបច្ចេកទេសដល់អ្នកគ្រប់គ្រងភូមិនេសាទ រៀបចំវគ្គបណ្តុះបណ្តាល និងអប់រំដល់សហគមន៍មូលដ្ឋាន និងប្រជានេសាទ ព្រមទាំងជួយសម្រួលដល់ការទទួលបានហិរញ្ញប្បទាន មុនពេលភូមិនេសាទទាំងនេះចាប់ផ្តើមដំណើរការពេញលេញ។
លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេសាទទាំងនេះ មិនមែនគ្រាន់តែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរវប្បធម៌ការងារ និងស្តង់ដារប្រតិបត្តិការផងដែរ។
លោកបានពន្យល់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចភូមិនេសាទឱ្យដំណើរការបានល្អ ក៏ទាមទារឱ្យមានការណែនាំអំពីរបៀបធ្វើការថ្មីៗដល់ប្រជានេសាទផងដែរ រួមមានការផ្គត់ផ្គង់ទឹកកកតាមភូមិ និងការកែលម្អប្រព័ន្ធទីផ្សារផលិតផលជលផល។
លោកបានបញ្ជាក់ថា កាលពីមុន ប្រជានេសាទអាចលក់ផលនេសាទរបស់ខ្លួនភ្លាមៗ បន្ទាប់ពីយកត្រីឡើងលើគោក។ ប៉ុន្តែបច្ចុប្បន្ន ដោយមានឧបករណ៍ស្តុកត្រជាក់ ពួកគាត់អាចរក្សាទុកផលនេសាទបានយូរដោយមិនខូចគុណភាព ដូច្នេះពួកគេអាចលក់បានក្នុងតម្លៃខ្ពស់ជាងមុន។
លោកបានបន្ថែមទៀតថា គោលដៅសំខាន់ គឺបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ចមួយ ដែលផ្តល់ផលប្រយោជន៍ និងបង្កលក្ខណៈងាយស្រួលដល់ប្រជានេសាទនៅក្នុងប្រទេសឥណ្ឌូណេស៊ី៕ (ផាន់ អាណា)







