ដោយ ឡុងសារេត
ភ្នំពេញ៖ ក្តាមថ្មកោះកុង ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រចាំខេត្តកោះកុង កំពុងមានការចរចាយកចូលទៅទីផ្សារទំនើបនៅក្រុងភ្នំពេញ ខណៈតម្លៃកំពុងសិក្សា។
លោក វង្ស តារា ប្រធានសមាគមក្តាមថ្មកោះកុងបានឱ្យដឹងថា ក្តាមថ្មកោះកុងត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ហៅកាត់ថា GI កាលពីខែមេសាឆ្នាំ២០២៦ ។
ទោះបីជាមានការទទួលស្គាល់បែបនេះក្ដី រហូតមកដល់ពេលនេះ ក្ដាមថ្មកោះកុងនៅមិនទាន់មានដំណើរការទិញដូរឲ្យបានជាដុំកំភួននៅឡើយទេ។
ថ្នាកដឹកនាំក្រសួងពាណិជ្ជកម្មកំពុងជួយសម្របសម្រួលឱ្យក្ដាមថ្មកោះកុង នេះបានចូលទៅក្នុងទីផ្សារទំនើបអ៊ីអន និងកំពុងសិក្សាអំពីតម្លៃ ដោយធ្វើយ៉ាងណាឱ្យខាងទីផ្សារទទួលយកបាន។
ទាក់ទងនឹងតម្លៃក្តាមថ្មកោះកុងនេះ, បើតាមប្រធានសមាគមខាងលើបានដាក់តម្លៃទៅតាមប្រភេទឬទំហំរបស់ក្តាមថ្មជាក់ស្តែង។
សម្រាប់ក្តាមថ្ម GI ទំហំ២ទៅ៣ខាំ គឺមួយគីឡូក្រាមថ្លៃ៦ម៉ឺនរៀល ខ្នាត៣ទៅ៦ខាំ គឺមួយគីឡូ ៧ម៉ឺនរៀល និងក្តាមថ្ម ដាក់លាយទំហំចូលគ្នា មានតូចនិងធំ គឺមួយគីឡូក្រាម៦៥០០០រៀល។
ប្រធានសមាគមក្តាមថ្មកោះកុងសង្ឃឹមថា ខាងទីផ្សារទំនើបនឹងអាចទទួលយកតម្លៃនេះបាន។
សមាគមបានលើកឡើងថា នៅខេត្តកោះកុង មួយរយៈមកនេះមានព្យុះភ្លៀងជាប់គ្នាជិតមួយខែ ពិបាករកក្តាមថ្មដែលមានគុណភាពល្អៗយកមកផ្គត់ផ្គង់នៅលើទីផ្សារ ។ ក្តាមថ្មប្រមូលទិញពីប្រជាកសិករនេសាទនៅឃុំពាមក្រសោប ក្នុងមួយថ្ងៃប្រមាណ១០០គីឡូក្រាម ប៉ុន្តែអាចជ្រើសយកធ្វើជាក្តាមដែលមានគុណសម្បត្តិល្អចូលជាផលិតផលGIបាន មានតែពី១០ទៅ១៥គីឡូក្រាមប៉ុណ្ណោះ៕







